ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវមានជំនឿជឿជាក់មកលើរដ្ឋបាលរាជធានីភ្នំពេញ ហើយ កុំជឿលើការបំផុសព័ត៌មានក្លែងក្លាយ។
ការអំពាវនាវបែបនេះ របស់ ឯកឧត្តមឃួង ស្រេង បានអ្វីឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយក្រុមអ្នកព័ត៌មាន ក្រោយឯកឧត្តមបញ្ចប់ពិធីចែកម៉ាស និងទឹកអាល់កុលលាងដៃ ជូនមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ មីនា ឆ្នាំ២០២០ នៅសាលាក្រុងភ្នំពេញ។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ថា អ្វីៗទាំងអស់ ដែលជាព័ត៌មាន សូមឲ្យបងប្អូនប្រជាពលរដ្ឋ ស្តាប់ការប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ផេកផ្លូវការហ្វេសប៊ុក ប្រព័ន្ធព័ត៌មាន ដែលចុះហត្ថលេខា ឬត្រាត្រឹមត្រូវ របស់រដ្ឋបាលរាជធានីភ្នំពេញ ។
ឯកឧត្តមបន្តថា ប៉ុន្មានថ្ងៃនេះ មានគេបំប៉ោងពាក្យថា បន្តិចទៀតនេះ មានបិទបឹងកេងកង មិនឲ្យជនបរទេសឆ្លងកាត់ ឬចេញចូល ។ ពាក់ព័ន្ធនឹងការបំផ្ទុះនូវព័ត៌មាន គ្មានការពិតនេះ ឯកឧត្តមឃួង ស្រេង បានបញ្ជាក់ឲ្យបងប្អូន ក្នុងរាជធានីថា អ្វីៗត្រូវមានជំនឿជឿជាក់
មកលើរដ្ឋបាលរាជធានី កុំជឿ ទៅលើប្រពន្ធផ្សព្វផ្សាយ ដែលមិនមានការទទួលខុសត្រូវ ឬមិនមានអត្តសញ្ញាណ ច្បាស់លាស់ ។ នៅតាមបណ្តាញសង្គម ច្រើនតែបំប៉ោង ពាក្យមិនពិតប្រាកដ សូមឲ្យពិចារណាព្រឹត្តិការណ៍នេះ មុននឹងជឿ សូមសួរគ្នា ឲ្យបានច្បាស់លាស់ ។
ឯកឧត្តមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញមាន Hotline ដែលទាក់ទងទៅនឹងរឿង កូវីដ-១៩ (Covid-19) ដោយយើងអាចទទួលយក ដើម្បីពិភាក្សា និងបញ្ជូនបងប្អូន ទៅរកទីតាំង ដើម្បីព្យាបាល ឬក៏ទីតាំងពិនិត្យជំងឺ ឬក៏អាចសួរ Hotline នូវព័ត៌មាន ដែលបងប្អូនមានចម្ងល់ ។ សូមឲ្យបងប្អូន ធ្វើតាមរយៈ Hotline នេះ រដ្ឋបាលរាជធានីភ្នំពេញ អាចទទួលព័ត៌មានដោយផ្ទាល់ និងបញ្ជាក់ជូនពីអ្វី ដែលបងប្អូនមានចម្ងល់ពីបញ្ហាផ្សេងៗ ។
ពាក់ព័ន្ធនឹងផែនការយុទ្ធសាស្ត្រ ក្នុងការទប់ស្កាត់ ការរីករាលដាល នៃវីរុសកូវីដ-១៩ នៅរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា តាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោ នាយករដ្ឋមន្ត្រី លោកបានប្រកាសឲ្យយើង បិទ KTV (Karaoke Television) យើងបិទ Concert ធំៗ (ការប្រគំតន្ត្រី) ការជួបជុំគ្នាដែលមានមនុស្សច្រើន។ ដោយឡែកនាព្រឹកថ្ងៃ២៥មិនានេះ ក៏មានគោលការ ពីសម្តេច ឲ្យយើងផ្អាក បៀរហ្គាឌិន ទីតាំងមានលក់ម្ហូបអាហារ មានភ្លេងកំដរ ដែលអាចជួបជុំមនុស្សច្រើន ដែលបង្កទៅជាហានិភ័យ ដល់ប្រជាពលរដ្ឋ ។ ចំណុចនេះ ថ្នាក់ដឹកនាំ បានគិតគូរទៅលើសុខុមាលភាព របស់ប្រជាពលរដ្ឋ ព្រោះខ្លាចមានការឆ្លង ដែលមិនអាចគ្រប់គ្រងបាន ។
ឯកឧត្តម បន្តថា យើងទាំងអស់គ្នាដឹងហើយថា ជំងឺ កូវីដ-១៩ (Covid-19) បើសិនជាយើងមានអនាម័យ
រស់នៅដាច់ពីគ្នា កុំគៀកគ្នាពេក កុំឲ្យជួបជុំគ្នាច្រើនញឹកញ៉ាប់ គឺយើងអាច បង្កាទប់ស្កាត់ កុំអោយជំងឺនេះ រីករាលដាលបាន ព្រោះយើងមិនដឹងថា អ្នកណា មានជំងឺ អ្នកណាគ្នានជំងឺ ដូច្នេះការផ្តាច់ពីគ្នានេះ ជាមធ្យោបាយល្អមួយ ដែលមានការណែនាំ ពីក្រសួងសុខាភិបាល។
ឯកឧត្តមអភិបាលបានបន្ថែមថា យើងមានតែលើកទឹកចិត្ត ឲ្យពួកគាត់បន្តការលក់ដូរ ដើម្បីឲ្យប្រជាពលរដ្ឋរបស់យើង អាចប្រកបជីវភាពប្រចាំថ្ងៃបាន ប្រសិនបើយើងផ្អាកផ្សារ យើងអាចទៅទិញអ្វីហូបនៅឯណាបាន? នេះជាបញ្ហាដែលយើងត្រូវគិតគូរ ដូច្នេះហើយយើងនៅតែលើកទឹកចិត្ត ឲ្យផ្សារ ត្រូវតែនៅដំណើរការ ។
ឯកឧត្តមក៏បានក្រើនរំលឹកថា ដំបូងមានការភ្ញាក់ផ្អើលរឿងទៅទិញ នាំគ្នាទៅទិញ ទិញរហូតអស់ក្នុងស្តុក ប៉ុន្តែឥឡូវនេះ យើងឃើញថា យើងមាននិរន្តរភាព សូម្បីតែនៅក្នុងផ្សារម៉ាក្រូ ឬនៅក្នុងផ្សារទំនើបផ្សេងៗ ប្រជាពលរដ្ឋយើង ចូលទៅទិញតាមធម្មតា មិនមានការប្រជែងគ្នា ដូចដែលវីដេអូឃ្លីប ចេញពីបរទេសមកនោះទេ ដែលយើងឃើញថា នៅបរទេស មានការជ្រួលច្របល់ ប៉ុន្តែនៅរាជធានីភ្នំពេញរបស់យើង និយាយដោយឡែក និយាយជារួម នៅកម្ពុជាយើង មិនមានបញ្ហានេះកើតឡើងនោះទេ ហើយសូមឲ្យប្រជាពលរដ្ឋទាំងអស់ មានជំនឿជឿជាក់ថា មិនខ្វះទេស្បៀងនៅកម្ពុជា៕