ភ្នំពេញ៖ សម្ដេចតេជោស្តីព្រមានដករដ្ឋមន្ត្រី៣រូប រឿងឆ្លើយដាក់គ្នាជុំវិញករណីប្រជាពលរដ្ឋពុលនៅក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្តីបន្ទោសធ្ងន់ៗដល់រដ្ឋមន្ត្រី បីរូប មកពីបីក្រសួង ដែលបានឆ្លើយដាក់គ្នាជុំវិញករណីប្រជាពលរដ្ឋពុលនៅក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីដើមខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះនៅមុនចាប់ផ្តើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ ។
ការបន្ទោស និងព្រមានយ៉ាងធ្ងន់ៗបែបនេះ នៅមុនពេលសម្ដេចចាប់ផ្ដើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ។ សម្ដេចបញ្ជាក់ថា សម្ដេចមិនហាមឃាត់មិនឲ្យមានការស្រាវជ្រាវលើហេតុការណ៍ប្រជាពលរដ្ឋពុលនៅខេត្តក្រចេះនេះនោះទេ ប៉ុន្តែសម្ដេចស្នើឲ្យរដ្ឋមន្ត្រីក្រសួងទាំង៣ រួមមានក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងរ៉ែ និងថាមពល បញ្ឈប់ការធ្វើការទាំងទទឹងទិស យកឈ្នះខ្លួនឯងដោយខ្វះការទទួលខុសត្រូវ ហើយសាចទឹកដាក់គ្នាបែបទៀត។
សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកថាការព្យាយាមសាចទឹកដាក់គ្នារបស់រដ្ឋមន្ត្រីទាំង៣រូបនេះគឺ រួមមានរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង, រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺជាការខ្វះទំនួលខុសត្រូវរបស់ខ្លួនក្នុងហេតុការណ៍ខាងលើនេះ៕