ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាស នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ថា ឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យការបោះឆ្នោត នាពេលខាងមុខនេះ នឹងត្រូវធ្វើចែកជូន ប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នេះបើយោងតាម សេចក្ដីអំពាវនាវ របស់ គ.ជ.ប ។
សេចក្តីអំពាវនាវបានឲ្យដឹងទៀតថា ពលរដ្ឋនៅទូទាំងប្រទេស ចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តន៍សិទ្ធិរបស់ខ្លួន ហើយ គ.ជ.ប ក៏បានស្នើសុំការសហការ ពីស្ថានទូតនៃកម្ពុជាទាំងអស់ ឲ្យចូលរួមផ្សព្វផ្សាយ សេចក្ដីអំពាវនាវនេះ ឲ្យបានដល់ប្រជាពលរដ្ឋ ដែលកំពុងបំពេញបេសកកម្ម ឬរស់នៅនិងធ្វើការ នៅក្រៅប្រទេស ឲ្យបានទូលំទូលាយផងដែរ។
សេចក្តីអំពាវនាវបញ្ជាក់ថា ពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ និងកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស ត្រឡប់មកកម្ពុជាវិញ ដើម្បីចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត៕