ចាប់ពីថ្ងៃ១មិថុនាទៅ កម្មករដែលដួលសន្លប់ដោយសារហេតុផលទាំងនេះ [. . .] មិនត្រូវចាត់ទុកថាជាគ្រោះថ្នាក់ការងារទេ ! ហើយករណីនេះត្រូវ , , ,

0
493

ភ្នំពេញ) ៖ ក្នុងពេលកន្លងទៅ បេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស បានប្រកាសថា រាល់ស្ថានភាពរបស់កម្មករនិយោជិត ដែលមានអាការៈ ខ្សោយ វិលមុខ ទន់ដៃទន់ជើង ញ័រទ្រូង ពិបាកដកដង្ហើម និងថប់អារម្មណ៍ ដែលបណ្តាលមកពីខ្វះជាតិស្ករ ក្នុងឈាម ឬខ្វះសារធាតុអ៊ីយ៉ុងក្នុងឈាម មានដូចជា កាល់ស្យូម សូដ្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម ដែលជាទូទៅ និយោជក ឬកម្មករនិយោជិត យល់ថា ជាស្ថានភាពសន្លប់ជាបុគ្គល ក្នុងកន្លែងធ្វើការ ឬម៉ោងធ្វើការ ហើយចាត់ទុកថា ករណីបែបនេះ ជាគ្រោះថ្នាក់ការងារ។


ក៏ប៉ុន្តែក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទតួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ រាល់ស្ថានភាពរបស់កម្មករ និយោជិត ដូចបានរៀបរាប់ខាងលើ ប.ស.ស ចាត់ទុកថា ជាបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់បុគ្គល មិនមែនបណ្តាលមកពីការងារ ឬបរិយាកាសកន្លែងធ្វើការទេ។ ដូច្នេះកម្មករ និយោជិតទាំងអស់ ត្រូវទទួលការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្រោមរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពវិញ។
ប.ស.ស ក៏បានបន្ថែមថា ក្នុងករណីមានកម្មករ និយោជិត សន្លប់ច្រើននាក់ ឬសន្លប់តៗគ្នា នៅក្នុងសហគ្រាស គ្រឹះស្ថាន ដែលបណ្តាលមកពីបរិយាកាសក្នុង និងក្រៅ សហគ្រាសគ្រឹះស្ថាន ឬតានតឹងអារម្មណ៍ ភ័យស្លន់ស្លោ តៗគ្នា។ល។ បេឡាជាតិរបបសន្តិសុខសង្គម ចាត់ទុកថា ជាគ្រោះថ្នាក់ការងារ និងទទួលបានការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្រោមរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ។
ប.ស.ស ក៏បានតម្រូវឲ្យនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវមានកាតព្វកិច្ចបញ្ជូនកម្មករ និយោជិតរបស់ខ្លួន ទៅសង្គ្រោះបឋម នៅគិលានដ្ឋានសហគ្រាសរបស់ខ្លួន ឬទៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយប.ស.ស។
បេឡាជាតិរបបសន្តិសុខសង្គម ប.ស.សបានប្រកាសថា កាលពីឆ្នាំ២០១៧ មានកម្មករ និយោជិត ដួលសន្លប់ចំនួន ១.១៦០ នាក់។ ចំនួនកម្មករកាត់ដេរដួលសន្លប់នេះ បានថយចុះ បើធៀបនឹងឆ្នាំ២០១៦។ កម្មករកាត់ដេរ ដួលសន្លប់ ថយចុះនៅឆ្នាំ២០១៧ ដោយសារតែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់រោងចក្រ ត្រូវរៀបចំដាក់ឱ្យដំណើរការប្រព័ន្ធខ្យល់ចេញចូលឱ្យបានត្រឹមត្រូវ ទុកដាក់សម្ភារៈ និងវត្ថុធាតុដើម ឱ្យមានសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជាពិសេសត្រូវដាក់ឱ្យមានឧបករណ៍ស្តង់កម្ដៅនៅកន្លែងធ្វើការ ដើម្បីងាយស្រួលក្នុងការតាមដាន ការវិវត្តន៍នៃកម្ដៅនៅក្នុងរោងចក្រ ជាដើម។
ជាមួយគ្នានោះ របាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស ដែលចំណុះឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា មូលហេតុ នាំឲ្យមានកម្មករកាត់ដេរ ដួលសន្លប់ នៅក្នុងរោងចក្រ សហគ្រាស ដោយសារមកពីបញ្ហាក្លិនគីមី នៅក្នុងរោងចក្រ ទីតាំងរោងចក្រ មិនមានបរិយាកាសល្អ ចង្អៀត ផ្នែកចិត្តសាស្ត្រសង្គម ករណីកម្មករស្លុតដួលតាមគ្នា បញ្ហាមេកានិច ស្របពេលសុខភាពកម្មករមានសភាពទន់ខ្សោយ ដោយសារការសម្រាកមិនគ្រប់គ្រាន់ ការហូបអាហារមិនទៀងទាត់ និងអាហារគ្មានជីវជាតិ ជាដើម។
ចុងក្រោយនេះ កាលពីដើមឆ្នាំ២០១៨ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដាក់បញ្ជា ណែនាំឲ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ បង្កើតក្រុមការងារ ហើយសិក្សា ស្រាវជ្រាវពីករណីកម្មករកាត់ដេរ ដួលសន្លប់ នៅពេលធ្វើការ នៅក្នុងរោងចក្រសហគ្រាស ដើម្បីស្វែងរកដំណោះស្រាយ។ ប៉ុន្តែមកដល់ខែឧសភា ឆ្នាំ២០១៨ នេះ ការសិក្សាស្រាវជ្រាវនោះ មិនទាន់ចេញជាលទ្ធផលបែបណានៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here