ភ្នំពេញ : សហរដ្ឋអាមេរិក បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលហាមឃាត់មិនឱ្យបក្សប្រឆាំងចូលរួមការបោះឆ្នោត និងទាមទារឲ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា។
យោងតាមខ្លឹមសារសេចក្តីថ្លែងការណ៍របស់លោកស្រី Heather Nauert អ្នកនាំពាក្យរបស់ក្រសួងការបរទេសវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៨ កបប្រែក្រៅផ្លូវការ បានបញ្ជាក់ថា សហរដ្ឋអាមេរិកសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលហាមឃាត់អ្នកនយោបាយឈានមុខមកពីគណបក្សសង្រ្គោះជាតិ (គ.ស.ជ) ពីការចូលរួមនៅក្នុងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០១៨។
សេចក្តីសម្រេចនេះរារាំងដល់អ្នកបោះឆ្នោតកម្ពុជារាប់លាននាក់ពីការអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់ពួកគេ ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជនតាមជម្រើសរបស់ពួកគេ និងចោទនូវ សំណួរអំពីសុចរិតភាពនៃដំណើរការបោះឆ្នោត។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក គូសបញ្ជាក់ថា «យើងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាស្តានីតិសម្បទាបេក្ខជនគណបក្សសង្រ្គោះជាតិឡើងវិញជាបន្ទាន់។ បន្ថែមលើនេះទៀត ដោយរក្សាឲ្យស្របជាមួយសេចក្តីសន្និដ្ឋានកាលពីពេលថ្មីៗរបស់ក្រុមការងាររបស់អង្គការសហប្រជាជាតិ ស្តីពីការឃុំឃាំងតាមទំនើងចិត្ត ដែលថា ការដាក់ពន្ធនាគារនៃមេដឹកនាំគណបក្សសង្រ្គោះជាតិ កឹម សុខា គឺជាអំពើតាមទំនើងចិត្ត ដូច្នេះយើងធ្វើការទាមទារសារជាថ្មីរបស់យើងឲ្យមានការដោះលែងរូបលោកជាបន្ទាន់»។
ទាក់ទិននឹងការសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកនេះ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការធ្វើច្បាប់ដែលហៅថា ដើម្បីដាក់គំនាបមកលើកម្ពុជាតែប៉ុណ្ណោះ។ លោកថា វាគ្រាន់តែជាការបង្ហាញកាន់តែច្បាស់នូវការកាន់ជើងអាយ៉ងរបស់ខ្លួន ដែលប្រព្រឹត្តល្មើសច្បាប់ក្បត់ជាតិប៉ុណ្ណោះ។ ជាទង្វើរំលោភឯករាជ្យ និងអធិបតេយ្យកម្ពុជា ដែលមិនអាចលាក់បាំងបានឡើយ។ និងជាការជួយអាយ៉ងរបស់ខ្លួន គ្មានប្រសិទ្ធភាព និងវិសាលភាពមកលើកម្ពុជាជាដាច់ខាត។
អ្នកនាំពាក្យក៏បានលើកឡើងថា កាលពីពេលថ្មីៗកន្លងមកនេះ គណៈប្រតិភូព្រឹទ្ធសភាសរអា ដឹកនាំដោយលោក ដឹក អេរិកសុន បានប្រកាន់ជំហរយុត្តិធម៌ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា។ ដូច្នេះការអនុម័តច្បាប់ដែលចង់ដាក់បន្ទុកមកលើរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា នឹងមិនអាចចេញជាលទ្ធផលឡើយ៕