ភ្នំពេញ៖ ក្រសួងបរិស្ថានបានព្រមានធ្ងន់ៗចំពោះអង្គការសង្គមស៊ីវិល និងសមាគមមួយចំនួននៅ ក្នុង តំបន់ការពារធម្មជាតិដែលមិនបានចុះបញ្ជីត្រឹមត្រូវ ថែមទាំងប្រព្រឹត្តនូវទង្វើដែលផ្ទុយ នឹង ច្បាប់យ៉ាងអនាធិបតេយ្យក្នុងតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ ក្រសួងនេះព្រមានថានឹងប្រើប្រាស់យន្តការផ្លូវច្បាប់ដើម្បីដោះស្រាយ ល្គឹគណាសកម្មភាពខាងលើនេះមិនត្រូវបានបញ្ឈប់នោះទេ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា «ក្រសួងគ្មានជម្រើសអ្វីក្រៅពីការអនុវត្តច្បាប់ ជាពិសេសច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់ និងបញ្ឈប់សកម្មភាពអនាធិបតេយ្យក្នុងតំបន់ការពារធម្មជាតិដែល ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួង។ ការព្រមានប្រើប្រាស់យន្តការផ្លូវច្បាប់នេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថានពិនិត្យឃើញថា មានអង្គការមិនមែនរដ្ឋាភិបាល និងសមាគមមួយចំនួន ដែលពុំបានចុះបញ្ជី ឬកិច្ចព្រមព្រៀងត្រឹមត្រូវតាមច្បាប់ បាននិងកំពុងធ្វើសកម្មភាពអនាធិបតេយ្យនៅក្នុងតំបន់ការពារធម្មជាតិ។ ក្រសួងចាត់ទុកសកម្មភាពនេះ គឺជាសកម្មភាពបំពានច្បាប់យ៉ាងគឃ្លើន ក្រោមស្លាកជាអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ។
តែទោះយ៉ាងណាក៏ដោយ ក្រសួងក៏បានលើកឡើងដែរថា ក្រសួងគ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិឡើយ។ ប៉ុន្តែតម្រូវឱ្យមានការគោរពច្បាប់ជាធរមាន និងធ្វើសកម្មភាពស្របច្បាប់កំណត់ដោយស្មោះត្រង់ក្នុងភាពជាដៃគូ។ ទន្ទឹមនឹងនេះដែរ ក្រសួងក៏បញ្ជាក់ជាថ្មីនូវការស្វាគមន៍ចំពោះអង្គការមិនមែនរដ្ឋាភិបាល ឬសមាគម ដែលបានចុះបញ្ជី និងកិច្ចព្រមព្រៀងត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីបុព្វហេតុសម្បត្តិធម្មជាតិទាំងអស់គ្នា៕