ស្ត្រី​ពលករ​ម្នាក់​សម្រាលកូន​ក្នុង​ព្រៃ​លើ​ដី​ថៃ ខណៈ​ធ្វើដំណើរមកស្រុកកំណើត​វិញ​

0
439

ខេត្ត​សៀម​រា​ប ៖ ​កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២០ ស្ត្រី​ពលករ​​ម្នាក់​​ក្នុង​ពេល​ធ្វើ​ដំណើរ​វិល​ត្រឡប់​ចូល​មក​​​ស្រុកកំណើត​វិញ បាន​សម្រាលកូន​នៅ​ក្នុង​ព្រៃ​លើ​ទឹកដី​ស្រុក​អារញ្ញ ​ប្រទេស​​ថៃ ក្រោម​​​ការជួយ​អន្តរាគមន៍​របស់​លោកអ៊ុំ​ រាត្រី អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្តបន្ទាយមានជ័យ និង​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តសៀមរាប បាន​ធ្វើការ​ទំនាក់ទំនង​អាជ្ញាធរ​ថៃ ដើម្បី​បញ្ជូន​ស្ត្រី​ម្នាក់​នេះ​មក​ប្រទេស​កម្ពុជា​វិញ ហើយ​បាន​ទទួល​ឲ្យ​សម្រាក​ព្យាបាល​និង​ថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ម៉ា​ឡៃ ។
ស្ត្រី​ម្នាក់​ដែល​សម្រាលកូន​​​ខាងលើ​ឈ្មោះ ជូ​ច វាសនា រស់នៅ​ភូមិ​ឈូករ័ត្ន ឃុំ​ច​ន្លា​ស់​ដៃ ។​

​បន្ទាប់ពី​ស្ត្រីម្នាក់សម្រាល​កូន​បាន​ចូល​​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ម៉ា​ឡៃ​នោះ ក៏​មាន​ក្រុម​ការងារ​ទទួល​ពលករ​វិល​ត្រឡប់​មក​ពី​ក្រៅប្រទេស ដឹកនាំ​ដោយ​លោក​ជំទាវ យូ សុភា អភិបាល រង​ខេត្តសៀមរាប បាន​ចុះ​សួរសុខទុក្ខ​ស្ត្រី​សម្រាលកូនខាងលើ​ ព្រមទាំង​បាន​​ឧបត្ថម្ភ​នូវ​ថវិកា​មួយ​ចំនួន​ក្នុង​ថ្ងៃ​នោះ​ផង​ដែរ ។
នៅ​ថ្ងៃ​បន្ទាប់​ក៏​ត្រូវ​បាន​លោកស្រី ម៉​ន នី រង្សី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ក្រឡាញ់ ធ្វើការ​ទំនាក់ទំនង​និង​បញ្ជូន​រថយន្ត​ពេទ្យ​ទៅ​ទទួលយក​ស្ត្រីម្នាក់សម្រាលកូន​ខាងលើ​មក​សម្រាក​ព្យាបាល​និង​ថែទាំ​សុខភាព​បន្ត​ទាំង​ម្ដាយ​និង​កូន​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់​ផង​ដែរ ។
លុះ​នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២០ លោក ឃុ​ត សំអាត ប្រធាន​គណៈ​កិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក និង លោក សុខ ណា​រ៉េ​ត អភិបាលរង​នៃ​គណៈ​អភិបាលស្រុក និង​សហការី បាន​នាំ​យក​អំណោយ​ជា​សម្ភារៈ និង​គ្រឿង​ឧបភោគបរិភោគរបស់​អនុ​សាខា​កាកបាទក្រហម​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដើម្បី​ប្រគល់​ជូន​ស្ត្រី​​ម្នាក់​ដែល​បាន​សម្រាលកូន​​ខាងលើ​។


អំណោយ​ប្រគល់​ជូន​ស្ត្រីសម្រាលកូន​ខាងលើ​នា​ពេល​នោះ មានដូចជា​ អង្ករ​២៥​​គីឡូក្រាម​, មី​១​កេស​, ត្រីខ ១​យួរ, ​ទឹក​សុទ្ធ ៣​យួរ, ​មុង​១, ​ភួយ​១​,​ កន្ទេល​១ និង​ថវិកា​សរុប​១០​ម៉ឺន​រៀល របស់​កាកបាទក្រហម​ស្រុក ក្នុង​នោះ​លោក ឃុ​ត សំអាត ក៏​បាន​ឧបត្ថម្ភ​នូវ​៥​ម៉ឺន​រៀល​ផង​ដែរ ​។​
ស្ត្រីដែល​​សម្រាលកូន​ខាងលើ​ក៏​បាន​​ថ្លែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​អាជ្ញាធរ​ខេត្តសៀម​រាប ខេត្ត​បន្ទាយ​មាន​ជ័យ និង​អាជ្ញាធរ​ថៃ ដែល​បាន​យកចិត្តទុកដាក់​​ចំពោះ​សុខភាព​ និង​សុវត្ថិភាព​របស់​​ពួកគាត់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here