កោះកុងៈ យុវជនជាឃាតកវ័យក្មេង ដែលបានចាក់សម្លាប់ក្មេងប្រុសម្នាក់ ខណៈជនរងគ្រោះដើរទៅទិញនំជាមួយមិត្តភ័ក្ត កាលពីប៉ុន្មានថ្ងៃមុននោះ ពេលនេះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានចុះស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នួន សុខណា ភេទប្រុស អាយុ១៥ឆ្នាំ នៅថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ វេលាម៉ោង១៖៣០នាទីរសៀល នៅចំណុចភូមិតាចាត ឃុំទទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
បើតាមសមត្ថកិច្ច ជនសង្ស័យឈ្មោះ នួន សុខណា បានប្រព្រឹត្តអំពើឃាតកម្មចាក់សម្លាប់ក្មេងប្រុសម្នាក់ ឈ្មោះ ចាន់ ហាក់ អាយុ១២ឆ្នាំ កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។គួររំឭកថា កាលពីវេលាម៉ោង៧៖២០នាទីយប់ ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ ត្រង់ចំណុចភូមិ៤ ស្ថិតក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីឃាតកម្មមួយបានកើតឡើង បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ ខណៈពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ។សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ ហាក់ ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។សមត្ថកិច្ចបន្តថា ដំបូងឡើយ ក្មេងរងគ្រោះ និងមិត្តភ័ក្ដ២-៣នាក់ទៀត បាននាំគ្នាដើរទៅទិញនំនៅក្បែរផ្ទះមុខសញ្ញា (ជនដៃដល់) ហើយក៏ត្រូវមុខសញ្ញាចេញមកចាក់បណ្ដាលឲ្យរងរបួស។
ភ្លាមៗ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសល្យក្មេងរងគ្រោះបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ។បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការចំពោះជនសង្ស័យ ដែលជាឃាតកវ័យក្មេងខាងលើនេះ តាមនីតិវិធីច្បាប់៕