(រាជធានីភ្នំពេញ) នៅរសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក ចាវ ឃើជី (Zhao Ke Zhi ) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក Zhao Ke Zhi បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីលោកប្រធានាធិបតីចិន ស៊ី ជីនពីង ជូនសម្ដេចតេជោ ហ៊ុន សែន ហើយលោកបានជម្រាបជូនសម្តេចតេជោថា នេះគឺជាលើកទីមួយហើយដែលលោកបានមកកាន់ព្រះរាជាណាចក្រកម្ពុជា។
លោក Zhao Ke Zhi បានមើលពីលើយន្តហោះនៅពេលយប់ឃើញទីក្រុងភ្នំពេញមានភ្លើងអគ្គីសនីស្រស់ស្អាត និងនៅពេលថ្ងៃបានឃើញផ្ទាល់ភ្នែកអំពីការរីកចម្រើននៃទីក្រុងដែលជារាជធានីរបស់កម្ពុជា ដែលមានប្រជាពលរដ្ឋរស់នៅធ្វើការ និងប្រកបរបរទទួលទាននៅក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍគួរជាទីមោទនៈក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។
លោក Zhao Ke Zhi បានជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាពេលនេះគឺមានបំណងជំរុញការងារទាំងឡាយណាដែលថ្នាក់ដឹកនាំកំពូលទាំងពីរបានចុះហត្ថលេខាព្រមព្រៀងជាមួយគ្នាកន្លងមករួចហើយ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអនុវត្តច្បាប់និងសន្តិសុខជាតិអោយកាន់តែមានភាពល្អប្រសើរ។
លោកលោក Zhao Ke Zhi ក៏បានបន្ថែមដែរថា កម្ពុជាគឺជាមិត្តចាស់ គឺជាមិត្តល្អរបស់ចិន ហើយនៅពេលនេះលោកក៏បានគោរពបញ្ជាក់ជូនសម្ដេចតេជោផងដែរថាភាគីចិននឹងបន្តគាំទ្រលើរាល់អ្វីទាំងអស់ដែលជាផលប្រយោជន៍គន្លឹះរបស់កម្ពុជា ហើយក៏គាំទ្រនិងជំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់ឱ្យស្របទៅតាមស្ថានភាពនិងតម្រូវការជាក់ស្ដែងរបស់កម្ពុជាលើគ្រប់វិស័យទាំងក្នុង ក្របខណ្ឌទ្វេភាគី និងដូចជាពហុភាគីផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំចិន ហើយក៏បានផ្តាំផ្ញើសួរសុខទុក្ខនិងជូនពរទៅលោកប្រធានាធិបតីចិន និងលោកនាយករដ្ឋមន្រ្តីចិនផងដែរ ជាពិសេសក្នុងពេលដែលប្រទេសទាំងពីរកំពុងរៀបចំប្រារព្ឋខួប៦០ឆ្នាំនៃទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ សម្តេចតេជោ នឹងអញ្ជើញចូលរួមពិសារភោគជនាហារនៅស្ថាទូតចិនប្រចាំកម្ពុជានៅរាជធានីភ្នំពេញ ដើម្បីរិតចំណងមិត្តភាព សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរអោយកាន់តែល្អរឹងមាំថែមទៀត។
សម្ដេចតេជោ បានជម្រាបជូន លោក លោក Zhao Ke Zhi អំពីការគាំទ្រពេញទំហឹងនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសន្តិសុខជាតិចិន និងក្រសួងមហាផ្ទៃកម្ពុជា ហើយបានសូមអោយ លោកប្រជុំពិភាក្សា ជាមួយ សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាបន្តទៀត ។ ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានស្វាគមន៍ផងដែរចំពោះអនុស្សារណៈ និងកិច្ចព្រមព្រៀង ដែលនឹងចុះហត្ថលេខារវាង ក្រសួងសន្តិសុខជាតិចិន និងក្រសួងមហាផ្ទៃនាពេលល្ងាចនេះ ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអរគុណមិត្តចិនដែលបានផ្តល់ជំនួយថវិកា និងបច្ចេកទេសនានា ក្នុងការជួយក្នុងការរៀបចំការបោះឆ្នោតសាកលនៅថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍។ សម្តេចតេជោ បានជូនពរដល់គណប្រតិភូទទួលបានជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចការងារនៅក្នុងប្រទេសកម្ពុជា ហើយទស្សនកិច្ចនេះគឺបានរិតបន្តឹងនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែប្រសើរឡើងមួយកម្រិតធំថែមទៀត៕