កំពង់ធំ៖ លោកឃាង ណាវី ជានាយកសាលាបឋមសិក្សាព្រៃតាហ៊ូ ដែលបានបង្ហោះខ្លឹមសារខំមិន ជេរប្រមាថព្រះចេស្តាព្រះមហាក្សត្រ នរោត្តមសីហមុនី នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ ត្រូវបានកម្លាំងនគរបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឃាត់ខ្លួនយកមកសាកសួរ។
លោកវរសេនីយ៍ត្រី ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែន បានថ្លែងថា ក្រោមបញ្ជារបស់ស្នងការនគរបាលខេត្តកំពង់ធំ លោកបានដឹកនាំកម្លាំង សហការជាមួយ ផែនជំនាញសន្តិសុខ ចុះទៅឃាត់ខ្លួនលោក ឃាង ណាវី អាយុ៥០ឆ្នាំ ជានាយកសាលាបឋមសិក្សាព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ដោយសារប្រមាថព្រះមហាក្សត្រ នៅលើបណ្តាញសង្គម ហ្វេសប៊ុក។លោកវរសេនីយ៍ត្រី បានបន្តថា នាយកសាលាបឋមសិក្សាព្រៃតាហ៊ូ បានប្រមាថព្រះមហាក្សត្រ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ដែលបានប្រើគណនីឈ្មោះ គ្រូប្រពន្ធស ហើយពេលនេះសមត្ថកិច្ចកំពុងដំណើរការ តាមនីតិវិធីច្បាប់។
បើយោងតាមការខំមិនក្នុងគណនីហ្វេសប៊ុកគ្រូ ប្រពន្ធសរ មានខ្លឹមសារថា ” ស្តេចចោលម្សៀត ហ៊ានរំលាយបក្ស ក្បត់ឆន្ទៈរាស្រ្តជាង៣លាននាក់ ដើម្បីបម្រើយូន ចិន រួមគ្នារំលាយទឹកដីខ្មែរ …។ ពូជនរោត្តម ជាជនក្បត់ជាតិ មានសីហនុ …រណឫទ្ធិ សីហមុនី…”។ យោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានបន្ថែមមាត្រាកំណត់ទោសប្រមាថអង្គព្រះមហាក្សត្រ ត្រង់ជំពូកទី១ មាតិកាទី១ នៃគន្ថីទី៤ មាត្រាស្ទូន៤៣៧ថ្មី ដោយបានចែងថា “ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥និងពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ១០លានរៀល។
ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោស ពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ៕