បាត់ដំបង ៖ យុវជនចិត្តស្លុយម្នាក់បានល្បួងប្អូនស្រីជីដូនមួយអាយុ១២ឆ្នាំ នាំទៅសេពសន្ថវៈនៅផ្ទះសំណាក់អស់ពេលជាង១០ថ្ងៃ ហើយត្រូវអាណាព្យាបាលស៊ើបដឹងនិងរាយការណ៍ទៅសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង កាលពីរសៀល ថ្ងៃទី១០ ខែឧសភា នៅក្នុងផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិកែវមុនី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
បើយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ពេជ្រ រតនៈ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិអូរខ្ជាយ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ បានបញ្ជាក់ថា កូនស្រីរបស់គាត់ បាត់ខ្លួនតាំងពីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ដោយគ្មានទទទួលបានដំណឹងអ្វីបន្តិចសោះ ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់នាងទើបបានប្តឹងសមត្ថកិច្ច សុំឲ្យជួយអន្តរាគមន៍ ព្រមទាំងស្វែងរកកូនស្រី អស់រយៈពេលជាងមួយសប្ដាហ៍ ទើបមានតម្រុយថា ក្មួយប្រុសរបស់គាត់ បាននាំកូនស្រីរបស់គាត់ទៅលាក់ទុក ដើម្បីចាប់រំលោភសេពសន្ថវៈ ទើបនៅព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ គាត់បានស្នើឲ្យសមត្ថកិច្ចស្រុកសង្កែ និងសមត្ថកិច្ចស្រុករុក្ខគិរី ចុះឃាត់ខ្លួនក្មួយប្រុសកំហូចរូបនោះតែម្ដង។
ប្រភពពីសមត្ថកិច្ចស្រុករុក្ខគិរីបានអោយដឹងថា ៖ ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភអនីតិជន ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ង៉ាម កុកងឺ ហៅ ពេជ្រ សោភា អាយុ២០ឆ្នាំ រស់នៅភូមិកែវមុនី ឃុំបាសាក់ ស្រុករុក្ខគិរី។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ក ល អាយុ១២ឆ្នាំ ហើយពួកគេទាំង២នាក់ ត្រូវជាបងប្អូនជីដូនមួយនិងគ្នា។ សមត្ថកិច្ចបានបន្តទៀតថា ៖ បន្ទាប់ពីមានពាក្យបណ្ដឹងពីអាណាព្យាបាលរបស់ជនរងគ្រោះ និងមានការប្រាប់តម្រុយពីទីតាំងលាក់ខ្លួនរបស់ជនសង្ស័យរួចមក សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យនាំមកសាកសួរតាមនីតិវិធី និង កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីផ្ដន្តាទោសតាមច្បាប់។
ចំណែកជនសង្ស័យឈ្មោះ ង៉ាម កុកងឺ ហៅ ពេជ្រ សោភា បានសារភាពថា រូបគេពិតជាបានពង្រត់ប្អូនស្រីជីដូនមួយ នាំមកលាក់ទុក នៅក្នុងផ្ទះខ្លួនមែន ហើយរូបគេបានរួមភេទជាមួយនាង ជាច្រើនលើកច្រើនសាទៀតផង។៕ Sing Ly