កូនខ្មែរគួរដឹងថា មានប្រាសាទ និងរមណីយដ្ឋានប្រវត្តិសាស្ត្រកម្ពុជាចំនួន ០៨ កន្លែងថែមទៀតបានត្រៀមក្នុងបញ្ជី ដើម្បីដាក់បញ្ចូលក្នុងសម្បត្តិបេតិភ័ណ្ឌពិភពលោក

0
444

បើតាមសម្តីរបស់លោក ប្រាក់ សុវណ្ណារ៉ា ដែលជាអគ្គនាយកបេតិភណ្ឌ នៃក្រសួងវប្បធម៍ និងវិចិត្រសិល្បះ លោកបានឲ្យដឹងថា ៖ មានប្រាសាទ និងរមណីយដ្ឋានប្រវត្តិសាស្ត្រកម្ពុជាចំនួន ០៨ កន្លែងថែមទៀតបានត្រៀមក្នុងបញ្ជី ដើម្បីដាក់បញ្ចូលក្នុងសម្បត្តិបេតិភ័ណ្ឌពិភពលោក ។

ហើយតំបន់ប្រវត្តិសាស្រ្តទាំង ០៨ ដែលត្រៀមដាក់ចូលក្នុងបញ្ជីសម្បត្តិបេតិភណ្ឌពិភពលោកនេះមានដូចជា ៖

ទី១ រមណីយដ្ឋានអង្គបុរី

រមណីយដ្ឋានអង្គបុរី ស្ថិតនៅក្នុងខេត្ត តាកែវ រមណីយដ្ឋាននេះមាន ប្រាសាទភ្នំដា អាស្រមតាឥសី និងមានកំពែងក្រុងជាដើម តំបន់នេះត្រូវបានចាត់ទុកជាសម័យកាលតំបូង នៃប្រវត្តិសាស្ត្រខ្មែរក្នុងសម័យ ហ្វូណន ។

ទី២ តំបន់ប្រាសាទបន្ទាយឆ្មា

តំបន់ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ប្រាសាទបន្ទាយឆ្មារនេះ ត្រូវបានឧទ្ទិសថ្វាយដល់បុត្រព្រះមហាក្សត្រ ព្រះបាទជ័យវរ្ម័នទី៧ ដែលបានសោយទីវង្គត ក្នុងការច្បាំងជាមួយនគរចម្ប៉ា។​ សមរភូមិរវាងខ្មែរ និងចាមត្រូវបានពណ៍នាដោយចម្លាក់លាន ។

ទី៣ តំបន់ប្រាសាទបាកាន

តំបន់ប្រាសាទបាកាន អតីតព្រះខ័នកំពង់ស្វាយ ស្ថិតនៅខេត្តព្រះវិហារ​ ប្រាសាទបាកានមានក្បូរក្បាច់រចនា ប្រហាក់ប្រហែលនិងប្រាសាទអង្គរវត្តដែរ​ ដែលបានកសាងមុនពេលលើករាជធានីទៅអង្គរវត្ត ប្រាសាទបាកាននេះមានឈ្មោះដើមហៅថា ប្រាសាទជ័យស្រីកសាង ដោយព្រះបាទសុរិយោវរ្ម័នទី១ ( គស១០០២-១០៥០ )។

ទី៤​ តំបន់ប្រាសាទបេងមាលា ឬបឹងមាលា

ប្រាសាទបេងមាលាឬបឹងមាលា បានកសាងឡើងនៅសតវត្សរ៍ទី១២ តាមរចនាប័ទ្មអង្គរវត្ត សង់លើផៃ្ទដីរាបស្មើទំហំ១៤ហិកតា (១៨១ម៉ែត្រx១៥២ម៉ែត្រ) មានកំពែង៣ជាន់ ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាទិសអាគ្នេយ៍នៃភ្នំគូលេន មានចម្ងាយ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។

ទី៥ រមណីយដ្ឋានប្រវត្តិសាស្ត្រឧដុង្គ

ភ្នំឧដុង្ត​ជា​អតីត​រាជធានី​នា​សតវត្សរ៍​ទី ១៧ (ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ ១៨៦៦) ហើយ​ត្រូវ​បាន​បោះ​បង់​ចោល​ដោយ​ព្រហបាទ នរោត្តម នៅ​​ឆ្នាំ​១៩៦៦ ដោយ​​ផ្លាស់​រាជធានី​​ទៅ​​​កាន់​​​រាជធានី ​ភ្នំពេញ​​ រហូត​​ដល់​​សព្វថ្ងៃ​​។ ភ្នំ​ឧដុង្ត​​មាន​​ចំងាយ​ប្រមាណ​​៤០​គីឡូម៉ែត្រ​​ពី​​ភាគ​ពាយព្យ​នៃរាជធានីភ្នំពេញ​​។ ទី​កន្លែង​នេះ​មាន​ការ​ទាក់ទាញ​ជា​ថ្មី បន្ទាប់​ពី​ការ​កសាង ព្រះ​សក្យមុនី​ចេតិយ​​ដ៏​​ធំ​​នៅ​​លើ​​កំពូល​​ភ្នំ​ឧដុង្គ​​ជ្រុង​ខាង​ជើង ដែល​មើល​ទៅ​ឃើញ​ធំ​ខ្ពស់ និង​មាន​ភាពស្រស់​បំព្រង។ ភ្នំ​ឧដុង្ត​ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារដែក និង​​ឃុំភ្នំ​បាត ស្រុកពញាឭ ខេត្តកណ្តាល ភ្នំ​នេះ​មាន​ឈ្មោះ​បី​គឺ ភ្នំឧដុង្គ ភ្នំ​ព្រះរាជទ្រព្យ និង​ភ្នំ​អដ្ឋរស្ស។

ទី៦ រមណីយដ្ឋានបន្ទាយព្រៃនគរ

រមណីយដ្ឋាន ហ្លួងព្រះស្ដេចកន ឬបន្ទាយព្រៃនគរ មានទីតាំងស្ថិតនៅ ភូមិបន្ទាយព្រៃនគរ ឬ ភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្ដកំពង់ចាម មានចម្ងាយ ៤៩ គ.ម ពីទីក្រុងកំពង់ចាម តាមផ្លូវជាតិលេខ ៧ ។ រមណីយដ្ឋាន ប្រាសាទបន្ទាយព្រៃនគរ មានកំពែងព័ទ្ធជុំវិញ រាងការ៉េ ប្រវែង ២.៥០០ម. ក្នុងមួយជ្រុងៗ ។ កំពែងនេះសង់ឡើង ដោយ ដីល្បាប់ខ្សាច់់ មានកំពស់ ៥ម.ទៅ ៧ម.ទទឹង ២០ម.ទៅ២៥ម. តែត្រូវ បាក់ស្រុតមួយ ភាគធំ ។ នៅលើខ្នងទំនប់ និង សងខាងទំនប់ មាន ដាំឬស្សី យ៉ាងក្រាស់ ។

៧​ រមណីយដ្ឋានភ្នំគូលេន

ភ្នំគូលេនស្ថិតនៅក្នុងស្រកស្វាយលើ និងស្រុកវ៉ារិន ចំងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរា និងប្រហែល ២៥គីឡូម៉ែត្រពី​ប្រាសាទបន្ទាយស្រី ។ ភ្នំគូលេនមានឈ្មោះដើមថា មហិន្រ្ទព៌ត ជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី២ ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ​៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។ ភ្នំនេះជាទីក្រុងរបស់ចក្រខ្មែរ (អាណាចក្រខ្មែរ)ដំបូងគេជិតកន្លះសតវត្សមុនពេលប្តូរទៅហិហរាល័យ ដែលឥឡូង​នេះហៅថារលួស។ មានប្រាសាទប្រហែល ២០​ ត្រូវបានរកឃើញនៅលើភ្នំនេះ។

 

ទី៨តំបន់ប្រាសាទកោះកេរ្តិ៍ សៀមរាប​:

ក្រុម​ប្រាសាទកោះកេរ្តិ៍ ( ​កោះ​កេរ​ ) ដែល​មាន​ទីតាំង​ស្ថិត​នៅ ក្នុងភូមិ​ស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ មាន​ចំងាយ ៧២​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​សៀមរាប បើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ និង​ផ្លូវលំ​ចំងាយ ៤៩​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តព្រះវិហារ​។ ប្រសិនបើ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​លេខ​៦៤ ដែល​បែក​ចេញពី​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ផ្សារ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ឆ្ពោះទៅ​ទិស​ខាងជើង​សំដៅ​ទៅ​រក​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប រួច​បន្ត​ទៅ​ស្រុក​គូលែន ខេត្តព្រះវិហារ គឺ​មាន​ចំងាយ​ប្រមាណ ១២០​គីឡូម៉ែត្រ បើ​គិត​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​សព្វថ្ងៃ មណ្ឌល​នៃ​អតីត​រាជធានី​នេះ ស្ថិត​នៅ​ក្នុងភូមិ​កោះ​កេរ្តិ៍ ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ​។ ប្រាសាទកោះកេរ្តិ៍ គឺជា​រាជធានី​ចាស់​បុរាណ មាន​អាយុប្រមាណ​ជាង ១០០០​ឆ្នាំ មក​ហើយ​។

ប្រាសាទ​នៅ​តំបន់​កោះ​កេរ្តិ៍​ភាគច្រើន​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ ក្នុង​សតវត្សរ៍​ទី​១០ (៩២៨-៩៤២)​។ ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ ទ្រង់​បាន​ធ្វើការ​ផ្លាស់​ប្តូរ​រាជធានី​ពី​យ​សោ​ធ​បុ​រៈ (​អង្គរ​) ទៅ​តំបន់​កោះ​កេរ្តិ៍  មូលហេតុ​នៃ​ការ​ដោះ​ដូរ​រាជធានី​នេះ ប្រហែលជា​មាន​ច្រើន ប៉ុន្តែ​គេ​អាច​ដឹង​ត្រឹម​ថា​ទ្រង់​ជា​ស្តេច​ជ្រែករាជ្យ​ក្មួយ​ប្រុស​របស់​ខ្លួន គឺ​បុត្រ​របស់​ព្រះបាទ​យ​សោ​វរ្ម័ន​។
ប្រាសាទទាំងនេះបានដាក់ចូលបន្ទាប់ពី ប្រាសាទសំបូរព្រៃគុកត្រូវបានដាក់ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here