ភ្នំពេញ ៖ នារីរូបស្រស់បើកបររថយន្តម៉ាក ព្រូស( Prius ) យ៉ាងលឿន ទៅបុកកង់បីឥណ្ឌាកំពុងដឹកភ្ញៀវចំពីចំហៀងបណ្តាលឲ្យបុរសបរទេសម្នាក់ទៀតរបួសធ្ងន់ ចំណែកស្ត្រីម្នាក់បោកក្បាលនឹងថ្នល់ស្លាប់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រម៉ានជា ០១:៤៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី២០ ខែមិនា ឆ្នាំ២០១៨ ដែលស្ថិតនៅចំណុចស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង កែងផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញកង់បីឥណ្ឌាមួយគ្រឿងដឹកភ្ញៀវ២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៣ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ព្រូស( Prius ) ពណ៌កណ្ដុរប្រមេះ មួយគ្រឿង មិនមានស្លាកលេខ បើកបរដោយនារីរូបស្រស់ម្នាក់ ទិសដៅពីលិចទៅកើត ទៅបុកកង់បីឥណ្ឌាពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ដែលជិះនៅក្នុងនោះបោកក្បាលនឹងដែកកង់បីស្លាប់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
នារីរូបស្រស់ជាអ្នកបើករថយន្ត ព្រុស( Prius ) ដែលបង្ករហេតុនោះមានឈ្មោះ ងួន ស្រីនិច ភេទស្រី អាយុ២១ឆ្នាំ ត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលទួលទំពូង១ ក្រោយមកមិនដឹងយ៉ាងម៉េចក៏ត្រូវបានសន្លប់បាត់ស្មារតីឈឹង ហើយត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារនាំទៅមន្ទីរពេទ្យ។
ចំណែកបុរសបរទេសដែលរងរបួសធ្ងន់ធ្ងរនោះនៅមិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកទៅមន្ទីរពេទ្យ។ រីឯស្រ្តីរងគ្រោះមានឈ្មោះ តាក់ ចន្នី អាយុ៣៨ឆ្នាំ មុខរបរអ្នកចម្រៀង រ៉ុកខេនរ៉ូល នៅហាងបារាំង ស្នាក់នៅម្ដុំផ្សារទួលទំពូង និងមានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ស្ត្រីរងគ្រោះមានកូនប្រុសអាយុ១៣ឆ្នាំម្នាក់ ក្នុងបន្ទុក ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុ ទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះមកធ្វើការវាស់វែង រួចរថយន្តនិងកង់បីឥណ្ឌាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំភាគីទាំងសងខាងធ្វេីការដោះស្រាយគ្នានៅពេលក្រោយ និងធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារ យកធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនានៅឯស្រុកកំណើតស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង៕
ដោយ៖ SVD
ប្រភព៖ FB