ស្រុកមេមត់ ៖ មន្ត្រីយោធា និងជាអ្នកកាសែតម្នាក់ ត្រូវបាននគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ព្រោះតែដឹកឈើគ្រញូងនាំចេញឆ្លងដែនទៅវៀតណាមដោយខុសច្បាប់។
យោងតាមប្រភពពីសមត្ថកិច្ចស្រុកមេមត់បានអោយដឹងថា ៖
កំលាំងជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឃាត់រថយន្ត០១គ្រឿង ម៉ាក camry បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-9013 ដោយមានការសង្ស័យពាក់ព័ន្ធជាមួយបទល្មើសព្រៃឈើ នៅចំនុចលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិចំការគ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ វេលាម៉ោង ១១ និង ៤៥ នាទី ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៨ ។
ក្រោយពីឃាត់រថយន្តខាងលើហើយកម្លាំងជំនាញយើងសួរនាំអ្នកបើកបរ និងបានឆែកឆេររកឃើញឈើក្រញូងប្រហែល ៣០០ គីឡូ នៅនឹងគូថរថយន្តនោះ ដែលដឹកពីទឹកដីខេត្តព្រះវិហារបំរ៉ុងដឹកទៅលក់នៅប្រទេសវៀតណាម ចេញតាមច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ បន្ទាប់មកបានដឹងទៀតថាជនស្ស័យដែលជាអ្នកបើកបររថយន្តនោះជាមន្រ្តីយោធា និងជាអ្នកយកព័ត៌មានដោយមានឈ្មោះពីរផ្សេងគ្នា ពោលនៅខាងយោធាមានឈ្មោះ ហាក់ ប៉ូលីស (ពាក់ស័ក្តិ២) និងខាងវិស័យព័ត៌មានវិញមានឈ្មោះ សួស ណៃ អ្នកយកព័ត៌មានឲ្យកាសែត «សេរីភាពខ្មែរ» ។
យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ឲ្យកំលាំងជំនាញនាំខ្លួនជនសង្ស័យ និងវត្ថុតាងទាំងអស់នោះមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ៕
ដោយ ៖ Sing Ly