(ប្រេហ្ស៊ីល) បន្ទាប់ពីបានបំពេញការងារនៅក្នុងប្រទេសកំណើតរបស់ខ្លួនបាន ៦ខែរួចមក មានដំណឹងលេចលឺថា លោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នឹងវិលមកប្រកបអាជីពនៅក្នុងតំបន់អាសុីវិញ ប៉ុន្តែមិនមានតម្រុយថាលោកនឹងចេញដំណើរមកកាន់ប្រទេសណាមួយ ឬក្នុងតួនាទីជាអ្វីឲ្យប្រាកដនោះទេ ។
យ៉ាងណាក៏ដោយ ប្រភពមួយចំនួនបានអះអាងថា លោកមានភាគរយខ្ពស់ក្នុងការចូលរួមដឹកនាំបណ្តាក្លឹប ឬក្រុមជម្រើសជាតិណាមួយនៅតំបន់មជ្ឈឹមបូពា៌ជាទីដែលលោកធ្លាប់បំពេញការងារជាគ្រូបង្វឹកនៅក្នុងប្រទេសកាតានាពេលកន្លងមកនោះ ។
តាមការបញ្ជាក់ពីសាមីខ្លួនបានឲ្យដឹងថា លោក Leonardo បានលាឈប់ពីតួនាទីជានាយកបច្ចេកទេសរបស់ក្លឹប Ceará Sporting Club របស់ប្រេសុីលហើយ ដោយលោករីករាយនឹងផ្លាស់ប្តូរមកកាន់ទ្វីបអាសុីជាថ្មីម្តងទៀត ខណៈដែលគ្រូបង្វឹករូបនេះក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្រុម Lanexang United របស់ឡាវ ព្រមទាំងជាមួយក្លឹប Buriram United របស់ថៃផងនោះ ៕ ប្រភពCAMSPORT