នៅថ្ងៃដំបូងនៃការប្រកួត ក្រុមវ៉ាន់ដាអែហ្វ.ស៊ី និងហ្សាម៉ាន់ រកបាន៣ពិន្ទុដូចគ្នា

0
393

(កីឡា) ក្រុមវ៉ាន់ដា អែហ្វ.ស៊ី ដែលរកបាន៣ពិន្ទុនេះធ្វើសម្រេចនៅក្នុងលទ្ធផល ៣ទល់១ ជាមួយ​ក្រុមសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈក្រុមសាកលវិទ្យាល័យ ហ្សាម៉ាន់ រកបាន៣​ពិន្ទុដែរ ដោយលទ្ធផល ៣ទល់០ ជាមួយក្រុមសាកលវិទ្យាល័យបាត់ដំបង បានបោះបង់ការ​ប្រកួត។

ក្រុមបាល់ទាត់វិទ្យាស្ថាន វ៉ាន់ដា អែហ្វ.ស៊ី និងក្រុមសាកល វិទ្យាល័យ ហ្សាម៉ាន់ រកបាន៣ ពិន្ទុដូចគ្នា នាថ្ងៃដំបូង ក្រោយពីបានយកឈ្នះលើគូប្រកួតរៀងៗខ្លួន នៅក្នុងវគ្គសន្សំពិន្ទុ ពូលD នៅកីឡដ្ឋានជាតិ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៃព្រឹត្តិការណ៍កីឡា​​និស្សិត​ឧត្តមសិក្សា និងមធ្យម សិក្សាបច្ចេកទេសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨។

ចំពោះប្រភេទកីឡាបាល់ទាត់ផ្នែកបុរសនេះមានក្រុមចូលរួមសរុបចំនួន១៣ក្រុម ត្រូវបានចែក​ចេញជា៤ពូល ដោយមាន៣ក្រុមដូចៗគ្នា ក្នុងពូលA ពូលB និងពូលC រីឯក្រុមD មាន៤ក្រុម។ ក្រុមទាំងអស់នឹងត្រូវ ប្រកួតសន្សំពិន្ទុវិលជុំ នៅក្នុងពូលរៀងៗខ្លួន ហើយបន្ទាប់ពីបញ្ចប់វគ្គ សន្សំពិន្ទុ គឺ២ក្រុមលើកំពូលតារាងនឹងត្រូវ បន្តការប្រកួតខ្វែងពូល និងឈានទៅប្រកួតនៅ វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៧ ខែកញ្ញា ខាងមុខ។

សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជើងឯកថ្នាក់ ជាតិ ឆ្នាំ ២០១៨ ត្រូវបានរៀបចំឡើងក្រសួងអប់រំ យុវជន និងកីឡា ដែលមាន៦ប្រភេទកីឡា ក្នុងនោះមានបាល់ទាត់ បាល់បោះ បាល់ទះ អត្តពលកម្ម ប៉េតង់ និងប្រភេទកីឡាវាយកូនឃ្លី លើតុ ដែលមានអត្តពលិក សរុប៦៩៩នាក់ ក្នុងនោះមានកីឡាការិនី៩៤នាក់ មកពី២២ គ្រឹះស្ថាន​ឧត្តមសិក្សាទូទាំងប្រទេស៕ ប្រភពAKP សំរួលដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here