(ភ្នំពេញ) បន្ទាប់ពីឆ្លងកាត់ការប្រកួតវគ្គជម្រុះ ៣២ក្រុមចុងក្រោយ រហូតរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 គឺក្រុមជម្រើសជាតិបារាំង និងក្រូអាត ឃើញថា មានតែអ្នកចាំទីរបស់ក្លឹបភ្នំពេញក្រោនកីឡាករ Alexandre You និងគ្រូបង្វឹកក្រុមវិសាខាលោក ហុក សុជីវ័ន ប៉ុណ្ណោះ ដែលទស្សន៍ទាយជិតត្រូវ ១០០% សម្រាប់ក្រុមលើកពាន ៤ឆ្នាំម្ដងនេះ ខណៈក្រុម Idol របស់កីឡាករ និងគ្រូបង្វឹកមួយចំនួន ដែលបានទស្សន៍ទាយតាំងពីមុនចាប់ផ្ដើមការប្រកួត ខ្លះបានធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល, វគ្គ ១៦ក្រុម, វគ្គ ៨ក្រុម និងខ្លះបានឡើងត្រឹមវគ្គ ៤ក្រុមជាដើម ។
ចំពោះក្រុមមាន់គក់បារាំង គឺជាឈរលេខ១ ក្នុងពូលC ក្រោយប្រកួតឈ្នះ២ និងស្មើ១។ បន្ទាប់មកបានទម្លាក់ក្រុមអាហ្សង់ទីន នៅវគ្គ ១៦ក្រុម ដោយលទ្ធផល ៤-៣ និងបន្ដទម្លាក់ក្រុមអ៊ុយរ៉ាហ្គាយ ២ ក្នុងវគ្គ ៨ក្រុមដោយលទ្ធផល ២-០ មុនយកឈ្នះក្រុមប៊ែលហ្ស៊ិក ១-០ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ ។ រីឯក្រូអាត គឺជាក្រុមលេខ១ ពូលD ក្រោយឈ្នះ ៣ប្រកួតផ្ទួនៗក្នុងពូល មុនទម្លាក់ក្រុមដាណឺម៉ាក នៅវគ្គ ១៦ក្រុមជាមួយនឹងបាល់ប៉េណាល់ទីកាត់សេចក្ដី ៣-២ ក្រោយប្រកួត ១២០នាទីស្មើគ្នា ១-១ ។ បន្ទាប់មកបានទម្លាក់ម្ចាស់ផ្ទះរុស្ស៊ី ក្នុងវគ្គ ៨ក្រុមជាមួយនឹងបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ ក្រោយប្រកួត ១២០នាទីស្មើគ្នា ២-២ និងបន្ដយកឈ្នះក្រុមតោកំណាចអង់គ្លេស ក្នុងវគ្គ ៤ក្រុមយប់មិញ ដោយលទ្ធផល ២-១ ដើម្បីឡើងទៅជួបបារាំង នៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង ៕