កីឡាករចំណូលថ្មីរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Riyad Mahrez បានបង្ហើបឲ្យដឹងថាការផ្ទេររបស់ខ្លួនទៅកាន់ក្រុមម្ចាស់ជើងឯកលីកកំពូលរបស់អង់គ្លេសមួយនេះគឺដើម្បីលើកពានលីកកំពូលនៃទ្វីបអឺរ៉ុប Champions League ។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានសម្រេចចាកចេញពីក្រុមកញ្ជ្រោងខៀវ Leicester City និងបញ្ចប់ការផ្ទេរចុះចូលជាមួយកីឡដ្ឋាន Etihad ជាមួយកុងត្រាដែលមានតម្លៃ ៦០ លានផោនដែលជាតម្លៃបំបែកកំណត់ត្រាក្រុម Man City ។
“Champions League គឺជាពានដែលបង្កើតឡើងសម្រាប់ក្លិបធំៗ។” Mahrez កីឡាករនៃក្រុមជម្រើសជាតិអាល់ហ្សេរីរូបនេះបាននិយាយ។ “ហើយ Man City គឺជាក្លិបធំមួយដែលមានគ្រប់យ៉ាងដើម្បីឈ្នះពានមួយនេះ។ កាលពីរដូវកាលមុនពួកគេបានបង្ហាញឲ្យឃើញនូវមហិច្ឆតាក្នុងការឡើងឲ្យបានខ្ពស់ជាងវគ្គ ៨ ក្រុមចុងក្រោយនៃការប្រកួតពាន Champions League ។ ហើយខ្ញុំបានសម្រេចចិត្តផ្លាស់មកទីនេះគឺដោយសារខ្ញុំចង់ក្លាយជាផ្នែកមួយនៅក្នុងការប្រកួតនោះ។”
ប្រែសម្រួល ៖ ភក្ដី