ទីបំផុត​ វឌ្ឍនាកា​ ព្រម​ចេញ​មក​ឆ្លើយ​តប​ទៅ​កាន់​ពាក្យ​ចរចាម​អារ៉ាម​ដែល​ផ្សា​ភ្ជាប់​គាត់​ជាមួយ​ក្លិប​សិង្ហបុរី​ហើយ​

0
285

ខ្សែ​​ប្រយុទ្ធ​ឆ្នើម​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ កីឡាករ​ ចាន់ វឌ្ឍនាកា ទី​បំផុត​​បាន​ចេញ​មក​បក​ស្រាយ​ ក៏​ដូច​ជា​ឆ្លើយ​តប​ទៅ​កាន់​ពាក្យ​ចរចាម​អារ៉ាម​ដែល​បាន​ផ្សា​ភ្ជាប់​រូប​គាត់​ទៅ​នឹង​ក្លិប​ Home United របស់​សិង្ហបុរី​​​ដោយ​​អតីត​កីឡាករ​របស់​ក្រុម​បឹងកេត​រូប​នេះ​បាន​ប្រាប់​ថា​​ពាក្យ​ចរចាម​អារ៉ាម​នោះ​​មិន​មែន​ជា​ពិត​​ឡើយ​ ដូច្នេះ​សូម​បង​ប្អូន​អ្នក​គាំទ្រ​ទាំង​អស់​ឈប់​បន្ត​​យល់​ច្រឡំ​ ឬ​សង្ស័យ​​ទៀត​ទៅ​។

វឌ្ឍនាកា​ ដែល​ពេល​នេះ​​កំពុង​ស្ថិត​ក្នុង​ភាព​ទំនេរ​ និង​ពុំ​ទាន់​រក​ក្លិប​ថ្មី​បាន​លេង​នៅ​ឡើយ​​ បន្ទាប់​ពី​រូប​គាត់​ត្រូវ​បាន​ក្រុម​នៃ​លីក​កំពូល​របស់​ម៉ាឡេស៊ី​ Pahang FA ផ្ដាច់​កុងត្រា​​​កាល​ពី​ខែ​មុន​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ កីឡាករ​វ័យ​ ២៤ ឆ្នាំ​មាន​​ដើម​កំណើត​ពី​ខេត្ត​កំពត​រូប​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ពេល​នេះ​ខ្លួន​កំពុង​ស្ថិត​ក្នុង​ការ​ចរចារ​ជាមួយ​ក្លិប​​បរទេស​មួយ​​ ខណៈដែល​គាត់​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ជា​ក្លិប​ណា​មួយ​​​ ឬ​ក្លិប​នៃ​លីក​របស់​ប្រទេស​ណា​នៅ​ឡើយ​ទេ​ គ្រាន់​តែ​ដឹង​ថា​មិន​មែន​ជា​ក្លិប​ Home United របស់​សិង្ហបុរី​​​​នោះ​ទេ​។

រៀប​​រាប់​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ វឌ្ឍនាកា កីឡាករ​ដំបូង​គេ​របស់​កម្ពុជា​ដែល​បាន​ទៅ​លេង​នៅ​លីក​របស់​ជប៉ុន​រូប​នេះ​បាន​សរសេរ​យ៉ាង​ដូចច្នេះ​ថា​ ៖ “សួស្ដីបងប្អូន​ទាំង​អស់​គ្នា​! សុខ​សប្បាយ​ជាទេ? សង្ឃឹម​ថាសុខ​សប្បាយ​ទាំង​អស់​គ្នា។ សម្រាប់​ខ្ញុំ​វិញ ប៉ុន្មាន​​ថ្ងៃ​ចុង​ក្រោយ​នេះ ខ្ញុំ​សង្កេត​ឃើញ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ជុំ​វិញ​​អនាគត​របស់​ខ្ញុំ។ ថ្ងៃ​នេះ​ខ្ញុំ​ចង់​បញ្ជា​ក់ថា​ខ្ញុំ​កំពុង​ស្ថិត​នៅ​រាជធានី​ភ្នំពេញ និង​មិន​មាន​ការ​ទៅ​ហាត់​ឬ​ទៅ​ធ្វើ​តេស្ត​នៅ​ក្លិបណាទេ ហើយ​ក៏​មិន​ទាន់​អូខេជា​មួយ​ក្លិបណា​នោះ​ដែរ។ សូម​បងប្អូនកុំ​យល់​ច្រឡំ។ ខ្ញុំ​អាចបង្ហើប​បាន​យ៉ាង​ខ្លីថា​ខ្ញុំ​កំពុង​ចរចា​ជា​មួយ​ក្លិប​បរទេស​ពិត​មែន ប៉ុន្តែ​មិន​មែន​ក្លិប​ដែល​បងប្អូន​និង​ព័ត៌មាន​មួយ​ចំនួន​លើក​ឡើង​នោះ​ឡើយ។ ខ្ញុំ​នឹង​ប្រកាស​ជា​ផ្លូវ​ការលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្ញុំ​នេះ​នៅ​ពេល​ណាការ​ចរចា​ឈាន​ដល់​ការ​ព្រម​ព្រៀង១០០%។ សូម​អរគុណ​ចំពោះ​ការ​ស្រលាញ់​និង​ការយក​ចិត្ត​ទុក​ដាក់​របស់​បងប្អូន​ទាំង​អស់​គ្នា​មកលើរូប​ខ្ញុំ។ សូម​ប្រកប​ដោយ​សំណាង​ល្អ​និង​ជោគ​ជ័យ​​ទាំង​អស់​គ្នា៕”


អត្ថបទ​ ៖ ភក្ដី

LEAVE A REPLY

Please enter your comment!
Please enter your name here