លោក Zinedine Zidane បានបញ្ជាក់ថាលោកមិនបានចុះចេញពីកៅអីអ្នកចាត់ការនៅក្រុមយក្សអេស្ប៉ាញ Real Madrid ព្រោះតែដើម្បីទៅដឹកនាំក្រុមជម្រើសជាតិបារាំងនោះទេ។ Zidane បានធ្វើការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយការសុំលាលែងពីតំណែងជាគ្រូបង្វឹក Real Madrid ក្រោយមួយថ្ងៃដែលគាត់ជួយឲ្យក្រុមនៃលីកកំពូលអេស្ប៉ាញមួយនេះលើកពាន Champions League ជាលើកទី ៣ ជាប់ៗគ្នា។
ក្រោយការលាលែងពីតំណែងភ្លាម បុរសវ័យ ៤៥ ឆ្នាំរូបនេះក៏ត្រូវបានគេផ្សាភ្ជាប់ជាមួយនឹងការងារនៅឯក្រុមជម្រើសជាតិបារាំងដែលពេលនេះកំពុងត្រូវបានដឹកនាំដោយលោក Didier Deschamps ។ ប៉ុន្តែ Zidane បាននិយាយថាការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញពី Real Madrid គឺមិនមានអីទាក់ទងជាមួយនឹងការងារនៅជម្រើសជាតិរបស់គាត់នោះទេ។ “ការគាំទ្រក្រុមជម្រើសជាតិបារាំងវាគឺជារឿងសំខាន់។” Zidane បានថ្លែងប្រាប់ TF1 ។ “ខ្ញុំមិនដែលចង់ឈប់គាំទ្របារាំងទេ។ ខ្ញុំគឺនៅពីក្រោយពួកគេជានិច្ច។ ហើយយើងចង់មានឱកាសលើកពាន World Cup ម្ដងទៀត។ ហើយខ្ញុំមិនដឹងទេថាខ្ញុំនឹងធ្វើអ្វីបន្តទៀត តែសំខាន់ការសម្រេចចិត្តគឺខ្ញុំមានរួចហើយ ចំណែងរឿងផ្សេងទៀតដែលនៅសេសសល់យើងនឹងបានឃើញនាពេលក្រោយ។”
បារាំងនឹងបើកយុទ្ធនាការប្រកួតដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ នេះរបស់ពួកគេដោយត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិអូស្ដ្រាលីនៅថ្ងៃសៅរ៍ខាងមុខ មុនពេលបន្តទៅប៉ះគ្នាជាមួយប៉េរូ និងដាណឺម៉ាកដែលនៅក្នុងពូល C ជាមួយគ្នា។
ប្រែសម្រួល ៖ ភក្ដី