(កីឡា) ការដកសមាជិកអាជ្ញាកណ្ដាលមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតនេះ កើតឡើងបន្ទាប់ពី FIFA រកឃើញថា អាជ្ញាកណ្ដាល Fahad Al-Mirdasi សញ្ជាតិអារ៉ាប៊ីសាអ៊ូឌីតបានទទួលសំណូក ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់មួយ។ លោក Al-Mirdasi ត្រូវទទួលពិន័យដោយ FIFA សម្រេចបញ្ចប់អាជីពរបស់គាត់ជាផ្លូវការ។ យ៉ាងណាមិញ FIFA ក៏បានសម្រេចដកអាជ្ញាកណ្ដាលមកពីប្រទេសនេះទាំងអស់ ពី World Cup ឆ្នាំនេះផងដែរ។ ចំពោះ ចំនួនអាជ្ញាកណ្ដាលមកពីអារ៉ាប៊ីសាអ៊ូឌីត មិនទាន់មានការបញ្ជាក់ពីនោះទេ។
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានសម្រេចដកមន្ត្រីអាជ្ញាកណ្ដាលទាំងឡាយណាដែលមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចេញពីព្រឹត្តិការណ៍ FIFA World Cup 2018 ដែលនឹងត្រូវធ្វើឡើងនៅប្រទេសរុស្ស៊ី បន្ទាប់ពីមានករណីពុករលួយ។
គួរដឹងថា FIFA បានជ្រើសរើសមន្ត្រីអាជ្ញាកណ្ដាលក្នុងទីលានសម្រាប់ព្រឹត្តិការណ៍ខាងលើ ចំនួន ៣៦នាក់ និងជំនួយការអាជ្ញាកណ្ដាល ចំនួន ៦៣នាក់។
យោងតាមសារព័ត៌មាន AP បានឲ្យដឹងថា FIFA បានសម្រេចជ្រើសរើសជំនួយការអាជ្ញាកណ្ដាល ២នាក់មកពីជប៉ុន និងអារ៉ាប់រួម ដើម្បីជំនួសកន្លែងអាជ្ញាកណ្ដាលអារ៉ាប៊ីសាអ៊ូឌីតដែលត្រូវដកចេញ៕