ចុងសប្ដាហ៍នេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចបង្កើតកម្មវិធីចែករំលែកបាល់ទាត់ដល់ក្រុមយុវជន ក្រោមអាយុ១៥ឆ្នាំដោយឥតគិតថ្លៃ

0
405

បាល់ទាត់ ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចបង្កើតកម្មវិធីចែករំលែកបាល់ទាត់ដល់ក្រុមយុវជន ក្រោមអាយុ១៥ឆ្នាំដោយឥតគិតថ្លៃ នៅល្ងាចថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨ ចុងសប្ដាហ៍នេះ ពោលគឺមុនពេលក្រុមធំរបស់ខ្លួនប្រកួតជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងសប្ដាហ៍ទី៦ នៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018)។

យោងតាមការបញ្ជាក់របស់ក្លិបដែលបានសហការជាមួយក្រុមហ៊ុន SCG នឹងរួមគ្នាប្រារព្ធកម្មវិធី Kick & Share ដើម្បីចែករំលែកបទពិសោធន៍ក៏ដូចជាចំណេះដឹងអំពីកីឡាបាល់ទាត់ដល់កុមារា កុមារីនាថ្ងៃទី២០ ខែឧសភា ខាងមុខនេះនៅកីឡដ្ឋាន RSN។ កម្មវិធីនេះនឹងដឹកនាំដោយលោក Luis Fernando Vitorino ដែលជាគ្រូបង្វឹកអ្នកចាំទីក្រុមថ្នាលយុវជនភ្នំពេញក្រោន និងជាអតីតគ្រូបង្គោលអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា ផងដែរ។

កុមារដែលមានអាយុក្រោម១៥ឆ្នាំអាចចូលរួមដោយឥតគិតថ្លៃ។ កម្មវិធីនេះនឹងចាប់ផ្តើមនាវេលាម៉ោង៣ និង៣០នាទីរសៀល រហូតដល់ម៉ោង៦ល្ងាច បន្ទាប់មកអ្នកចូលរួមទាំងអស់អាចបន្តទស្សនាការប្រកួត កំពូលកម្ពុជា រវាងក្រុមភ្នំពេញក្រោន និងក្រុមអគ្គស្នងការដ្ឋាននករបាលជាតិ នៅកីឡដ្ឋាន RSN ដែលនឹងចាប់ផ្តើមនាវេលាម៉ោង៦ល្ងាចតែម្តង។ ចំពោះកីឡាដ្ឋាន RSN មានមូលដ្ឋាននៅលើទឹកដីខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ក្បែកាំកូស៊ីធី។

នេះជាសកម្មភាពមួយដែលគេចាត់ទុកថា ដើម្បីទាក់ទាញអ្នកគាំទ្រចូលរួមទស្សនារាល់ការប្រកួតរបស់ក្លិប ឬដើម្បីកំដរក្រសែភ្នែកទស្សនិកជនដែលធ្វើដំណើរមកដល់កីឡាដ្ឋានមុន ដើម្បីទស្សនាការប្រកួតរបស់ក្រុមធំ។ ក្រុមភ្នំពេញក្រោន ធ្លាប់បានរៀបចំចែករំលែកបទពិសោធន៍បាល់ទាត់បែបនេះម្តងរួចមកហើយកាលពីប៉ះក្រុមណាហ្គាវើល ក្នុងសប្ដាហ៍ទី៤កន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here