កីឡា ៖ ក្រោយពីមានការចាកចេញរបស់កីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ពីក្លឹប Pahang FA រួចមកក្លឹបនេះហាក់មានយីអ៊ុនដាក់តែម្តងដោយត្រូវអាម៉ាស់ក្នុងទឹកដីខ្លួនឯងហើយបានភ្លាត់ចាញ់ក្រុមកណ្តាលតារាង Terengganu ១ទល់និង០ ដែលធ្វើបានសំរេចដោយកីឡាករ Faiz Nasir នៅនាទីទី ៦២ ដោយគ្មានវត្តមានវឌ្ឍនាកានៅជួយដូចប្រកួតមុនៗ។
កាលប៉ះគ្នាជើងទី១ ដែលវឌ្ឍនាកានៅលេង នៅក្រៅផ្ទះ Pahang បានឈ្នះ៣ទល់និង១។ ប៉ុន្តែជើងទី២នេះ ក្រុមជើងឯករងរដូវកាលមុន បានជួបភាពអាម៉ាស់ដោយចាញ់ក្នុងដីខ្លួនឯង។
ការរបុត៣ពិន្ទុនេះ ធ្វើឲ្យ Pahang កាន់តែពិបាកដេញ Johor ត្បិតបច្ចុប្បន្នមានត្រឹម១៨ពិន្ទុ ខណៈ Johor មាន២៤ពិន្ទុ និង Perak មាន១៩ពិន្ទុ តែសល់មួយប្រកួតទៀតក្នុងដៃ។៕