ក្លិប Pahang FA បានចែកផ្លូវជាមួយនឹង ចាន់ វឌ្ឍនាកា និងជំនួសរូបគេដោយខ្សែប្រយុទ្ធ Issey Nakajima ស្របពេលដែល Austin Amutu នឹងវិលទៅកាន់កន្លែងរបស់គេវិញដើម្បីជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Francis Forkey Doe ដែលមានបញ្ហារបួស។
តារាឆ្នើមអន្តរជាតិកម្ពុជា វឌ្ឍនាកា ត្រូវបានអនុញ្ញាតឲ្យចាកចេញកាលពីថ្ងៃអង្គារ ដោយក្លិប Pahang FA ដែលបាននាំយកខ្សែប្រយុទ្ធកាណាដា Issey Nakajima-Farran មកជំនួសវិញភ្លាមៗ ដើម្បីពង្រឹងក្រុមនេះ និងដើម្បីប្រជែងយកពានក្របខ័ណ្ឌម៉ាឡេស៊ី Super League។
លោក Dollah Salleh គ្រូបង្វឹករបស់ក្រុម Pahang បានឲ្យដឹងថា៖ «យើងសង្ឃឹមថា វត្តមានកីឡាករទាំង២នេះ នឹងបង្កើនគុណភាពក្នុងក្រុមរបស់យើង។ Amutu អាចនឹងមានបញ្ហាមួយចំនួនក្នុងការសម្របខ្លួនក្នុងក្រុមនេះ ប៉ុន្តែ ខ្ញុំប្រាកដចិត្តថា បទពិសោធរបស់គេនឹងជួយដល់យើង»។
ការចាកចេញរបស់វឌ្ឍនា ត្រូវបានរំពឹងទុកជាមុនទៅហើយ ក្រោយពីខ្សែបម្រើស្លាបរូបនេះ បានបង្ហាញពីទម្រង់លេងដ៏គួរឲ្យទាក់ទាញតិចតួចបំផុតក្នុងការចំណាយពេលដ៏ខ្លីរបស់គេជាមួយនឹង Pahang។
លោក Dollah បានប្រាប់បណ្តាញសារព័ត៌មាន FOX Sports Asia ថា លោកចង់ឲ្យមានការបង្ហាញពីទម្រង់លេងកាន់តែល្អប្រសើរជាងមុនពី វឌ្ឍនាកា ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Kuala Lumpur FA កាលពីថ្ងៃទី១៥ ខែមេសា។
ប៉ុន្តែ ទោះបីជាយ៉ាងណា វឌ្ឍនាកា មិនបានរកគ្រាប់បាល់បញ្ចូលទីឡើយ ក្នុងការបង្ហាញខ្លួន ១០លើករបស់គេ បើទោះបីបានជួយឲ្យមិត្តរួមក្រុមរកបានគ្រាប់បាល់ដ៏ច្រើនក៏ដោយ៕