ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ មេសា ២០១៩ នេះបានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍ស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ ដោយសង្កត់ធ្ងន់ថា អាកាសធាតុក្តៅនៅក្នុងប្រទេសកម្ពុជានឹងបន្តកើនឡើងខ្ពស់ ចន្លោះពី៣៧-៤០អង្សាសេ ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែទាំសុខភាព នៅពេលដែលអាកាសធាតុក្តៅខ្លាំងនេះ ។
យោងតាមសេចក្តីជូនដំណឹងក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា កន្លងមកដោយសារឥទ្ធិពលនៃជ្រលងសម្ពាធទាប បានអូសបន្លាយលើកម្ពុជាយើង ធ្វើឲ្យមានភ្លៀងបានធ្លាក់ស្នើរទូទាំងប្រទេស ក្នុងកម្រិតពីខ្សោយទៅបង្គួរ ។ តែចាប់ពីថ្ងៃទី១៩ ខែមេសា តទៅ ឥទ្ធិពលនៃជ្រលងសម្ពាធទាបនោះនឹងចុះខ្សោយ ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា នឹងប្រែប្រួលដូចខាងក្រោម ៖
១-ចាប់ពីថ្ងៃទី១៩-២៤ ខែមេសា បណ្តារាជធានី-ខេត្តមួយចំនួន នឹងមានភ្លៀងកក់ខែចុះខ្សោយ និងកន្លែងខ្លះស្ទើរតែគ្មានភ្លៀងកក់ខែទាំងស្រុងតែម្តង ។
២ -សីតុណ្ហភាពអតិបរិមា នឹងបន្តកើនឡើងក្នុងចន្លោះពី ៣៧-៤០ អង្សាសេ ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានស្នើឱ្យសូមសាធារណជនបន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ព្រោះរយៈពេលអន្តរកាលមិនទាន់ឆ្លងផុតទៅរកប្រក្រតីភាពឡើងវិញនោះទេ ៕