កាកសំណល់ថង់ប្លាស្ទិក គឺជាបញ្ហាមួយដែលពិបាកដោះស្រាយ និងវាថែមទាំងបានបង្កនូវផលប៉ះពាល់ដល់បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ អនាម័យ សោភណ្ឌភាពទីក្រុង និង មុខមាត់ របស់ប្រទេសកម្ពុជាទាំងមូលទៀតផង។ នេះគឺជាការលើកឡើង របស់លោកជំទាវ ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះ ដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ដែលបានគូសបញ្ជាក់នៅក្នុងឱកាស បើកយុទ្ធនាការ ”ការកាត់បន្ថយនូវការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្ត្រកបរិស្ថាន” នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែមេសាឆ្នាំ២០១៩។ លោកជំទាវ បានបញ្ជាក់ថា នេះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេសប្រជាជនដែលរស់នៅទីប្រជុំជនក្រុងបាត់ដំបង បានយល់ដឹង និងចូលរួម ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងយល់ដឹងចំពោះផលប៉ះពាល់នៃសំណល់ប្លាស្ទិក ដើម្បីបង្កើនប្រសិទ្ឋភាពកាត់បន្ថយការនាំចូល ការផលិតការចែកចាយ និងការប្រើប្រាស់ថង់ប្ទាស្ទិក សំដៅធានាបាននូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និង សោភ័ណភាពទីប្រជុំជន។
ក្នុងឱកាសនេះ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានគូសបញ្ជាក់ថា៖ ការបើកយុទ្ធនាការ ថ្ងៃនេះ គឺជាការឆ្លើយតប ក្នុងគោលបំណង ផ្តោតសំខាន់៖ ១. ផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ ស្ម័គ្រចិត្ត ក៏ដូចជាជំរុញការអនុវត្តអនុក្រឹត្យ របស់រាជរដ្ឋាភិបាល”ស្ដីពីការគ្រប់គ្រងថង់ប្លាស្ទិក”, ២. ជំរុញនិងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ជាអ ចិន្ត្រៃយ៍នូវការផ្ដល់ថង់ប្លាស្ទិក ដោយមិនគិតថ្លៃជូនដល់អតិថិជន, និង ៣.ចូលរួមចំណែក លើកស្ទួយ ជីវភាពរស់នៅ របស់ប្រជាជន នៅតាមសហគមន៍ផលិតកន្រ្តកកញ្ជោរផងដែរ។
សូមបញ្ជាក់ថា យុទ្ធនាការ ”ការកាត់បន្ថយនូវការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្ត្រកបរិស្ថាន” គ្រោងរៀបចំនៅក្នុងខេត្តចំនួន៣ ដោយចាប់ផ្តើមនៅខេត្តបាត់ដំបង បន្ទាប់មកនៅខេត្តសៀមរាប ខេត្តព្រះសីហនុ និងបិទបញ្ចប់នៅក្នុងខេត្តបាត់ដំបងដដែល។
ចក្ខុវិស័យរបស់ក្រសួងបរិស្ថាន ឆ្នាំ ២០២៣ គឺគុណភាពនិងនិរន្តរភាពបរិស្ថានត្រូវ បានធានា កេរដំណែលធនធានធម្មជាតិត្រូវបានការពារ និងអភិរក្សសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប។
កន្លងមកដើម្បីលើកស្ទួយសោភ័ណភាពទីក្រុង ក៏ដូចជាទីប្រជុំជននានា រាជរដ្ឋាភិបាលបានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តមួយចំនួន ដែលជាឧបករណ៍សម្រាប់ជំរុញដល់ការថែរក្សា និងលើកកម្ពស់គុណភាពបរិស្ថាន ដូចជាអនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន អនុក្រឹត្យលេខ១៦៨ អនក្រ.បក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក និងអនុក្រឹត្យលេខ២៣៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។
ក្នុងមួយឆ្នាំ សំរាមប្រមាណ ៤៧,៤៥០ តោន (ប្រហែល ៣១១ គ.ក ក្នុងមនុស្ស១នាក់/១ឆ្នាំ) ត្រូវបានបង្កើតឡើង ដោយឡែក ប្រជាពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញ ប្រើប្រាស់ថង់ប្លាស្ទិកប្រមាណ១០ថង់ ក្នុង១ថ្ងៃ ហើយមានថង់ប្លាស្ទិក ប្រមាណជា១០លានថង់បានប្រើប្រាស់ជារៀងរាល់ថ្ងៃ៕