កិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ

0
355

នារសៀលថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រជុំស្តីពីវឌ្ឍនភាព “គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ” និងមានការចូលរួមដោយថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូធនាគារពិភពលោក ដែលដឹកនាំដោយ លោក Takuya Kamata នាយកចាត់ការទូទៅនៃអង្គការ Water Global Practice ប្រចាំតំបន់អាស៊ីបូព៌ា និងទក្សិណ។


កិច្ចប្រជុំនេះផ្តោតទៅលើការអភិវឌ្ឍបណ្តាញលូនៅក្រុងសៀមរាប ការជួសជុលស្តារឡើងវិញស្ថានីយបូមទឹកកខ្វក់ចំនួនបី ការរៀបចំឲ្យប្រសើរឡើងស្ថានីយចម្រោះទឹកកខ្វក់ និងបង្កើនប្រតិបត្តិការ តំហែទាំ ព្រមទាំងពង្រឹងសមត្ថភាពហិរញ្ញវត្ថុនៅតាមស្ថានីយចម្រោះនីមួយៗ ។
គម្រោងនេះទទួលបានការអនុម័តកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយនាយកប្រតិបត្តិរបស់ធនាគារពិភពលោក។


កិច្ចប្រជុំបានសម្រេចដោយផ្លាស់ប្តូរពីការរៀបចំគម្រោងទៅជាការអនុវត្តគម្រោង ការអនុវត្តឲ្យបានទាន់ពេលវេលាតាមរយៈការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់របស់ក្រសួង ដោយគោរពទៅតាមសៀវភៅណែនាំប្រតិបត្តិការស្តង់ដាររបស់រាជរដ្ឋាភិបាលកម្ពុជា និងបញ្ជាក់ពីភាពច្បាស់លាស់ចំពោះតួនាទី និងការទទួលខុសត្រូវរបស់សមាជិកក្រុមការងារសម្រាប់កិច្ចការ ដែលបានចាត់តាំង និងការទទួលខុសត្រូវក្នុងប្រតិបត្តិការលទ្ធកម្មគ្មានការពន្យារនីតិវិធី និងការអនុលោមច្បាប់លទ្ធកម្ម ព្រមជាមួយការទូទាត់ទាន់ពេលវេលាទៅឲ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងអ្នកម៉ៅការ។


ជាមួយគ្នាផងដែរ គម្រោងក៏នឹងផ្តោតលើការរៀបចំយុទ្ធសាស្ត្រអនាម័យទីក្រុង ដែលត្រូវបំពេញទៅតាមការកើនឡើងយ៉ាងឆាប់រហ័សនៃកំណើនប្រជាជន និងនគរូបនីយកម្ម ក្នុងក្រុងសៀមរាបដែលនឹងអាចជាទីក្រុងគម្រូមួយលើការងារការគ្រប់គ្រងអនាម័យតាមទីក្រុង សម្រាប់អនុវត្តក្នុងទីក្រុងផ្សេងៗទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here