ខេត្តតាកែវ ៖ កាលពីវេលាម៉ោង១៨ និង៣០នាទីថ្ងៃអង្គារថ្ងទី០៧ ខែឧសភា ឆ្នាំ២០១៩ មានករណីប្លន់រថយន្ត មួយករណី កើតឡើងបង្ករដោយជនជាតិចិនចំនួន០២នាក់(ស្រី០១នាក់)មានទី១ឈ្មោះ ចាង ជីនស៊ីន ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភ្នំពេញ និងទី២ឈ្មោះ សែវ ជីន ភេទស្រីអាយុ ៣៤ ឆ្នាំសព្វថ្ងៃស្នាក់នៅភ្នំពេញ ដែលបានធ្វើសកម្មភាពយកកូនកាំបិតភ្ជង់គម្រាមប្លន់អ្នកបើកបរយករថយន្តមួយគ្រឿងម៉ាកlexus RX300ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2P-8959 នៅចំណុចផ្លូវជាតិលេខ៣ ជិតផ្សារគុម្ពឬស្សី ស្ថិតក្នុងឃុំតាំងដូង ស្រុកបាទី ខណៈពេលជនសង្ស័យជួលរថយន្តខាងលើពីចំណុចពោធិ៍ចិនតុង រាជធានីភ្នំពេញ ជិះតាមផ្លូវជាតិលេខ៣ សំដៅទៅខេត្តកំពត លុះមកដល់ចំណុចកើតហេតុ ម្ចាស់រថយន្តបានសុំចុះបត់ជើងធំ ហើយបានប្រតាយប្រតប់ជាមួយជនសង្ស័យបណ្តាលឱ្យម្ចាស់រថយន្តរងរបួសស្រាល រួចបានរត់មកប្តឹងសមត្ថកិច្ចនៅស្រុកបាទី ចំណែកជនសង្ស័យបានបើករថយន្តរត់គេចខ្លួនសំដៅទៅខេត្តកំពត ។
ក្រោយពេលទទួលបានព័ត៌មានភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងតាមបណ្តាស្រុក/ក្រុង និងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាន ចុះល្បាតពួនស្ទាក់ ត្រួតពិនិត្យ ឆែកឆេរ រហូតវេលាម៉ោង១៩.៣០នាទី កម្លាំងជំនាញបានព័ទ្ធស្ទាក់ចាប់បានរថយន្តខាងលើ រួមទាំងជនសង្ស័យទាំង២នាក់ នៅចំណុចផ្លូវបំបែកអង្គតាសោម ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ។ បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕