មន្រ្តីឧទ្យានុរក្សធ្វើសច្ចាប្រណិធាន ដើម្បីទទួលនីតិសម្បទាជានគរបាលយុត្តិធម៌

0
518

នៅសាលាឧទ្ធរណ៍ នារាជធានីភ្នំពេញ នៅរសៀល ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩ មន្រ្តីឧទ្យានុរក្ស និងមន្រ្តីនៃមន្ទីរបរិស្ថានមកពីខេត្តនានា ចំនួន៧០០នាក់ បានចែកជា៨ផែនធំ បានចូលធ្វើសច្ចាប្រណិធាន ដើម្បីទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌នៅសាលាឧទ្ធរណ៍នារាជធានីភ្នំពេញ។ ឯកឧត្តម ស្រ៊ុន ដារិទ្ឋ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ក្រសួងយុត្តិធម៌ និងសាលាឧទ្ឋរណ៍ ដែលបានរៀបចំធ្វើពិធីសច្ចាប្រណិធាន ដើម្បីផ្តល់នីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ដល់មន្រ្តីរាជការនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម៌ជាតិ និងមន្រ្តីនៃមន្ទីរបរិស្ថានរាជធានីខេត្ត ដែលជាការផ្តល់ឱកាសឱ្យពួកគាត់ពង្រឹងសមត្ថភាពបន្ថែម ជាពិសេសនៅក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិកាន់តែមានសិទ្ឋិបន្ថែមទៀត ។ ឯកឧត្តមសង្ឃឹមជឿជាក់ថា បន្ទាប់ពីសច្ចាប្រណិធានរួច មន្រ្តីទាំងអស់នឹងខិតខំប្រែងក្នុងការកិច្ចការងារឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត និងស្មោះស្ម័គ្រចំពោះជាតិ មាតុភូមិ និងថែរក្សាសម្បត្តិធនធានធម្មជាតិយើងឱ្យបានគង់វង្ស ។

ជាមួយគ្នានេះ ឯកឧត្តម វ៉ាន់ វិបុល ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះសាលាឧទ្ធរណ៍ បានផ្តាំផ្ញើរដល់មន្រ្តីដែលទាំងអស់ ខិតខំធ្វើយ៉ាងណាមានកិច្ចសហការឱ្យបានជិតស្និតជាមួយមន្រ្តីមានសមត្ថកិច្ចផ្សេងៗ និងស្ថាប័នពាក់ព័ន្ឋ ជាពិសេសព្រះរាជអាជ្ញាក្នុងដែនសាម៉ីរបស់ខ្លួន និងសិក្សាស្វែងយល់បន្ថែមទៀតចំពោះផ្នែកច្បាប់ ដើម្បីងាយស្រួលក្នុងការចាត់ការចំពោះជនល្មើស។ មិនតែប៉ុណ្ណោះត្រូវបំពេញកិច្ចការងារប្រកបដោយសីលធម៌ វិជ្ជាជីវៈខ្ពស់ មិនធ្វើរបាយការណ៍ឱ្យបានច្បាស់លាស់ និងម៉ត់ចត់ជាទីបំផុត ព្រោះថារបាយការណ៍របស់ក្រុមមន្រ្តីក្រសួងបរិស្ថានមានសារៈសំខាន់ណាស់ សម្រាប់បញ្ជូនមកតុលាការ ព្រោះថាតុលាការអាចចាត់វិធានការចំពោះជនល្មើសទៅតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សប្រចាំនៅតាមតំបន់ការពារធម្មជាតិមាននីតិសម្បទាជាភ្នាក់ងារនគរបាលយុត្តិធម៌ និងមន្ត្រីនគរបាលយុត្តធម៌មានភារកិច្ចល្បាតជាប្រចាំ ក្នុងការអង្កេត តាមដាន ស្រាវជ្រាវជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី និងចាត់វិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ព្រមទាំងមានវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ។ មន្ត្រីឧទ្យានុរក្សក៏មានភារកិច្ច ប្រចាំការជាប្រចាំ ក្នុងការយាមកាម ត្រួតពិនិត្យលិខិតអនុញ្ញាត និងឯកសារផ្សេងៗ ក៏ដូចជាការនាំចេញ និងនាំចូលនូវប្រភេទសត្វ រុក្ខជាតិ គ្រាប់រុក្ខជាតិ និងសំណាកផ្សេងៗក្នុងតំបន់ការពារធម្មជាតិ។ ភារកិច្ចមួយទៀតរបស់ឧទ្យានុរក្សគឺ ការងារ អប់រំផ្សព្វផ្សាយស្តីពី កិច្ចការពារបរិស្ថាន សម្របសម្រួល និងអភិវឌ្ឍន៍សហគមន៍ និងសហគមន៍តំបន់ការពារធម្មជាតិ ដែលរស់នៅក្នុងនិងក្បែរតំបន់ការពារធម្មជាតិ។ ក្រៅពីភារកិច្ចស្នូលខាងលើ ឧទ្យានុរក្សបានដើរតួនាទីចូលរួមក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន និងជាកម្លាំងអន្តរាគមន៍លើការងារសង្គ្រោះក្នុងពេលមានគ្រោះមហន្តរាយកើតមានឡើង ដូចជាទឹកជំនន់ ភ្លើងឆេះព្រៃ គ្រោះរាំងស្ងួតជាដើម។ល។

កម្លាំងឧទ្យានុរក្សមានចំនួនកើនពី ៧៥នាក់ក្នុងឆ្នាំ១៩៩៥ កើនដល់ចំនួន ៩៦០នាក់ក្នុងឆ្នាំ២០១០ និង ១២២១នាក់ក្នុងឆ្នាំ២០១៧។ ឧទ្យានុរក្សត្រូវបានបញ្ជូលជាមន្ត្រីក្របខណ្ឌសាធារណៈជាមន្ត្រីឧទ្យានុរក្សនាឆ្នាំ២០១៧។ រហូតមកដល់ពេលនេះ ក្រសួងបរិស្ថាន កំពុងការពារ និងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិសរុបចំនួន៥៣កន្លែង និងមានផ្ទៃដីប្រមាណជាង៧លាន៥សែនហិកតានៅទូទាំងប្រទេស។ ក្នុងបេសកកម្មដ៏ធំធេងនេះ ឧទ្យានុរក្សរបស់បរិស្ថាន បានជួយសង្គ្រោះសត្វព្រៃរាប់ពាន់ក្បាលដែលត្រូវជនទុច្ចរិតជួញដូរ និងបានបង្ក្រាបសកម្មភាពបរបាញ់ខុសច្បាប់ និងការកាប់បំផ្លាញធនធានធម្មជាតិ ជាច្រើនករណីទៀតដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here