នៅរសៀលថ្ងៃអង្គារ ១១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ បានអញ្ជើញជាអធិបតីរួមគ្នាបើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ វេទិកានេះមានការអញ្ជើញចូលរួមពីសំណាក់ធុរកិច្ចជនកម្ពុជា និងនេប៉ាល់ជាច្រើនរូប។ ការរៀបចំវេទិការនេះឡើងក្នុងបំណងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើផ្នែកធុរកិច្ចរវាងកម្ពុជា-នេប៉ាល់ ឲ្យកាន់តែប្រសើរឡើងថែមទៀត ខណៈបច្ចុប្បន្នការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកម្រិតតិចតួចបំផុត។
បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសទាំងពីរបានបង្ហាញរបាយការណ៍ពីវិស័យពាណិជ្ជកម្ម និង វិនិយោគនៃប្រទេសទាំងពីររួចហើយ ឯកឧត្តម ខេភី សាម៉ាអូលី នាយករដ្ឋមន្ត្រីនេប៉ាល់ ក៏បានបង្ហាញពីស្ថានភាពសេដ្ឋកិច្ច និងការរីកចម្រើន និងសក្តានុពលនៃប្រទេសនេប៉ាល់ផងដែរ។ ឯកឧត្តមបានថ្លែងអំណរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញឯកឧត្តមនិងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នេប៉ាល់មកទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណចក្រកម្ពុជានាពេលនេះ។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានចាត់ទុកដំណើរទស្សនកិច្ចនេះជាការចាប់ផ្តើមនូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសយើងទាំងពីរ។ ឯកឧត្តមបានបន្តថា តាមរយៈការចុះកិច្ចព្រមព្រៀងកន្លងមកគឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរដែលអាចធ្វើការជាមួយគ្នាដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមជាអធិបតីបើកវេទិការធុរកិច្ចកម្ពុជា-នេប៉ាល់ ជាមួយលោកនាយករដ្ឋមន្ត្រីនេប៉ាល់។ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះលោកនាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ និងគណៈប្រតិភូធុរជន និងអ្នកវិនិយោគនេប៉ាល់ ដែលបានអញ្ជើញមកទស្សនកិច្ចកនៅម្ពុជាដើម្បីស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា និង សក្តានុពលវិនិយោគ។
គួររំឭកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ សម្តេចតេជោ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅនេប៉ាល់ជាលើកទី១ ដែលដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសក្នុងវិស័យការទូត ពាណិជ្ជកម្ម និងទេសចរណ៍ ដែលកន្លងទៅថ្មីៗនេះប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤ រួមមាន៖
១) កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។
២)កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការលើលិខិតឆ្លងដែន ការទូត និងផ្លូវការ។
៣) អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និង
៤) អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ៕