ឯកឧត្តម ឃួង ស្រេង ចាត់វិធានការបង្ក្រាបរល្បែងភ្នាល់ទឹកភ្លៀង និងល្បែងស៊ីសងទាំងទូទាំងរាជធានី ឲ្យបានជាដាច់ខាត

0
1596

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ខែឧសភា ឆ្នាំ២០១៩ឯកឧត្តម ឃួង ស្រេង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន នេះថាឯកឧត្តមបានដាក់ផែនការឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវហើយឈាន ទៅដល់ការបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀងនៅរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ពីវិធានការដ៏ម៉ឺងម៉ាត់នៃការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅ រាជធានីភ្នំពេញជាពិសេសល្បែងភ្នាល់ទឹកភ្លៀង ដែលកំពុងកើតមានឡើងនិងកំពុងលេងភ្នាល់គ្នាយ៉ាង គគិកគគ្រេង។

ផែនការបង្ក្រាបល្បែងស៊ីសងទាំងនេះ អភិបាលរាជធានីភ្នំពេញនឹងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព របស់ខ្លួននៅពេលខាងមុខដ៏ខ្លីនេះផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា «ខ្ញុំបានដាក់ផែនការនេះឲ្យស្នងការរាជធានីភ្នំពេញចុះធ្វើការស្រាវជ្រាវហើយ ឈានទៅដល់ការបង្ក្រាបតែម្ដង ពីព្រោះវាដូចជាគគិកគគ្រេងពេក ហើយខ្ញុំនឹងបើកកិច្ចប្រជុំ គណៈបញ្ជាការ ឯកភាពលើរឿងនេះផងដែរ»។

ក្រៅពីល្បែងភ្នាល់ទឹកភ្លៀងដែលគេដឹងថា កំពុងដំណើរការលេងនៅម្ដុំអូរឫស្សីអភិបាលរាជធានីភ្នំពេញ រូបនេះ ក៏បានបញ្ជាក់ពីចំណាត់ការបង្ក្រាបល្បែងស៊ីសងផ្សេងទៀតដែលលួចបើកអាជីវកម្មខុសច្បាប់ នៅតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញផងដែរ។

ជាក់ស្ដែងកាលពីម្សិលមិញ ឯកឧត្តមអភិបាលបានបញ្ជាឲ្យអាជ្ញាធរខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងលួច បើកហ្គេម និងចាក់បាល់មួយកន្លែងគ្មានស្លាកយីហោនៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញដោយឃាត់ខ្លួន អ្នកប្រចាំការប្រុសស្រី២នាក់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត៕ប្រភពFreshnews ដោយ៖ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here