ជំងឺមហារីកសុដន់គឺជាជំងឺដ៏កាចសាហាវមួយដែលបានឆក់យកអាយុជីវិតមនុស្សរៀងរាល់ថ្ងៃគួរអោយព្រួយបារម្ភ។ ហេតុផលនៅពីក្រោយការវិវត្តនៃជំងឺមហារីកសុដន់ក៏មានច្រើនផ្សេងៗពីគ្នាផងដែរ។ ក្រៅពីកត្តា ហ្សែន ឬប្រវត្តិគ្រួសារ អាយុ ភេទ នឹងបង្ហាញឱ្យដឹងពីទម្លាប់មួយចំនួនដែលអាចបង្កើនហានិភ័យ នៃជំងឺមហារីកសុដន់ ៖
១. ការជក់បារី
កុំគិតថាការជក់បារីនឹងគ្រាន់តែធ្វើអោយអ្នកកើតជំងឺមហារីកសួតតែមួយមុខ! ការសិក្សាស្រាវជ្រាវជាច្រើន បានបង្ហាញថាទម្លាប់នៃការជក់បារីក៏ផ្សារភ្ជាប់ទៅនឹងជំងឺមហារីកសុដន់គួរអោយព្រួយបារម្ភផងដែរ ជាពិសេសចំពោះក្មេងវ័យជំទង់ និងស្ត្រីអស់រដូវ។ នោះក៏ព្រោះតែបារីមានផ្ទុកជាតិ នីកូទីនដែលជាសារធាតុ គីមីគ្រោះថ្នាក់បំផុតមួយចំពោះសុខភាពក្នុងចំណោមសារធាតុគីមីច្រើនជាង ៤ ពាន់ប្រភេទទៀតក្នុងបារី។ ការស្រូបយកនូវសារធាតុនេះនឹងបង្កើនហានិភ័យនៃជំងឺជាច្រើន រួមបញ្ចូលទាំងជំងឺមហារីកសុដន់។
២. ការហិតផ្សែងបារី
ធ្លាប់ដឹងទេថាគ្រាន់តែនៅក្បែរអ្នកជក់បារីអ្នកក៏អាចប្រឈមមុខនឹងហានិភ័យនៃជំងឺមហារីកសុដន់បានដែរ? ទោះមិនបានជក់ដោយផ្ទាល់ ប៉ុន្តែអ្នកបានស្រូបយកផ្សែងបារីរបស់គេចូលពេញរាងកាយ។
៣. ការទទួលទានគ្រឿងស្រវឹងច្រើន
ការទទួលទានគ្រឿងស្រវឹងច្រើនហួសប្រមាណមិនត្រឹមតែបង្កបញ្ហាសុខភាពផ្សេងៗជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏មានទំនាក់ទំនងទៅនឹងហានិភ័យនៃជំងឺមហារីកសុដន់ផងដែរ។ ប្រសិនបើអ្នកមិនអាច បញ្ឈប់ការ ទទួលទានគ្រឿងស្រវឹងបានទេនោះ ចូរកាត់បន្ថយមកត្រឹមកម្រិតមធ្យម គឺ ១ កែវក្នុងមួយថ្ងៃ។
៤. មិនធ្វើលំហាត់ប្រាណ
ការមិនធ្វើលំហាត់ប្រាណសោះអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ រួមបញ្ចូលទាំងជំងឺមហា
រីកសុដន់។ ដើម្បីជៀសផុតពីជំងឺសាហាវនេះអ្នកជំនាញ ផ្នែកសុខភាពជាច្រើនបានណែនាំ អោយអ្នកធ្វើ លំហាត់ប្រាណក្នុងកម្រិតមធ្យមពី ៤ ទៅ ៧ ម៉ោងក្នុងមួយសប្តាហ៍ គឺប្រហែលជា ៣០ នាទី ទៅ ១ម៉ោងក្នុងមួយថ្ងៃ។
៥. ធាត់លើសទម្ងន់
ស្ត្រីដែលធាត់លើសទម្ងន់គឺប្រឈមមុខ នឹងហានិភ័យនៃការកើតមានជំងឺមហារីកសុដន់ ខ្ពស់ជាងអ្នកដែល មានទម្ងន់ធម្មតា។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមរក្សាទម្ងន់កុំអោយធាត់ពេក។
៦. ធ្វើការដល់យប់ជ្រៅជាប្រចាំ
ការធ្វើការដល់យប់ជ្រៅមិនត្រឹមតែធ្វើអោយអ្នកអស់កម្លាំងនិងអត់ងងុយប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើន ហានិភ័យនៃជំងឺមហារីកសុដន់ផងដែរតាមរយៈការថយចុះនៃអ័រម៉ូនជួយអោយគេងលក់ melatonin៕
ប្រភពHealth.com ដោយ៖ សុខជា