ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Panasonic របស់ជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចផ្អាក ការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនចិន Huawei និងបណ្តុំក្រុមហ៊ុនចំនួន៦៨ ជាសម្ព័ន្ធរបស់ក្រុមហ៊ុន ចិនមួយនេះទៀត តាមបំរាមរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ CNA។
ក្រុមហ៊ុនជប៉ុនប្រកាសជំហររបស់ខ្លួននៅថ្ងៃនេះ គឺក្រោយមួយថ្ងៃដែលក្រុមហ៊ុនទូរសព្ទធំៗ ចំនួន៤ របស់អង់គ្លេស និងជប៉ុន បានសម្រេចពន្យារពេលដាក់ឱ្យប្រើប្រាស់កម្មវិធីអ៊ីនធឺណិត ជំនាន់ទី៥ របស់ក្រុម ហ៊ុន Huawei។ អ្នកនាំពាក្យឱ្យក្រុមហ៊ុន Panasonic លោក Joe Flynn ថ្លែងថា ក្រុមហ៊ុនលោកសម្រេចផ្អាករាល់ ប្រតិបត្តិការជា មួយក្រុមហ៊ុនចិន Huawei គ្រប់ផ្នែកទាំងអស់។ លោកថា ក្រុមហ៊ុនលោកបានផ្សព្វផ្សាយ ជាលក្ខណៈផ្ទៃក្នុ ងដល់បុគ្គលិកទាំងអស់កាលពីម្សិលមិញ។
លោក Joe Flynn ថ្លែងថា ក្រុមហ៊ុនលោកមានទំនាក់ទំនងជាមួយក្រុមហ៊ុន Huawei លើផ្នែកផ្គត់ផ្គង់សម្ភារ អេឡិចត្រូនិចខ្លះ ប៉ុន្តែ លោកមិនបញ្ជាក់លម្អិតទេ។
តាមក្រុមហ៊ុនជប៉ុន បញ្ជាក់ថាពេលនេះរដ្ឋអំណាចវ៉ាស៊ីនតោនកំពុងតែរឹតបន្តឹងផលិតផលប្រើប្រាស់នៅ សហរដ្ឋអាមេរិកចំណែកក្រុមហ៊ុន Panasonic ក៏ជាអ្នកផ្គត់ផ្គង់ឧបករណ៍មួយចំនួនដល់ក្រុមហ៊ុន Huawei ដូច្នេះ ក្រុមហ៊ុនជប៉ុននេះក៏អាចប្រឈមមុខជាមួយអាមេរិកដែរ។
វិធានការបន្តបន្ទាប់ដាក់សម្ពាធលើក្រុមហ៊ុន Huawei គឺកើតឡើងក្រោយពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុនបានប្រកាសដាក់សន្តិសុខជាតិក្នុងស្ថានភាពអាសន្ន ហើយរារាំង ក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកផ្អាកការទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុនបរទេស។
បើទោះជាវិធានការអាមេរិកហាក់សំដៅលើក្រុមហ៊ុនចិន Huawei ក៏ដោយ ប៉ុន្តែ សេតវិមានបញ្ជាក់ថាវិធាន ការរបស់លោក ដូណាល់ ត្រាំ នេះ ដើម្បីសុវត្ថិភាពរបស់ជាតិមិនសំដៅលើប្រទេស ឬក្រុមហ៊ុនណាមួយទេ។ ទោះយ៉ាងណា សេចក្តីសម្រេចអាមេរិកនេះហាក់ដូចជាយុទ្ធនាការមួយដែលប្រឆាំងក្រុមហ៊ុនចិន Huawei ដែលចាប់ផ្តើមដោយក្រុមអ៊ិនធឺណិតធំលំដាប់ពិភពលោករបស់អាមេរិក Google ដែលប្រតិបត្តិការលើ ប្រព័ន្ធ ទូរសព្ទទំនើបលើពិភពលោក។ សហរដ្ឋអាមេរិកបានដាក់ការសង្ស័យយូរណាស់មកហើយថា ក្រុមហ៊ុន Huawei ធ្វើការទំនាក់ទំនងជាមួយ កងទ័ពចិនក្នុងការលួចយកព័ត៌មាន។
បញ្ហាស្រដៀងគ្នាជាមួយអាមេរិកនេះ ក៏មានការលើកឡើងយ៉ាងចម្រូងចម្រាស់ផងដែរនៅប្រទេសអង់គ្លេស ដែលមានការលេចធ្លាយព័ត៌មានថា ក្រុមប្រឹក្សាសន្តិសុខជាតិបានស្នើ ទៅរដ្ឋាភិបាលកាលពីខែមុនឱ្យរឹត បន្តឹងការប្រើប្រាស់អ៊ិនធឺណិតជំនាន់ទី៥របស់ក្រុមហ៊ុន Huawei។ ទោះយ៉ាងណា កាលពីថ្ងៃពុធម្សិលមិញ ក្រុមហ៊ុន Huawei បានថ្លែងថា ការដាក់សម្ពាធនេះគឺជារឿងគួរឱ្យ សោកស្តាយ ហើយថា បញ្ហាទាំងនេះជារឿងនយោបាយ ហើយពិតជាអាចដោះស្រាយបាន៕