ហាងចែកចាយស្មាតហ្វូនដ៏ធំមួយនៅអង់គ្លេសឈ្មោះ musicMagpie បានទម្លាក់តម្លៃទិញចូល Huawei P30 Pro មកនៅត្រឹមប្រហែល ១៣០ ដុល្លារប៉ុណ្ណោះ ខណៈតម្លៃពេលទើបចេញលក់ដំបូងខ្ទង់ ១១៥០ ដុល្លារ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Forbes។ បើតាមការអះអាងរបស់ Forbes ការទម្លាក់តម្លៃទិញ Huawei មួយទឹកចូលហាងមកត្រឹមតែជាង ១០០ ដុល្លារដូច្នេះ ដោយសារថ្មីៗនេះ Google និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរបស់អាមេរិក បានផ្អាកការរកស៊ីនិងផ្គត់ផ្គង់ផលិតផលនិងសេវាកម្មដល់ Huawei ទៀតហើយ ដោយក្នុងនោះ Google ទុកពេល ៩០ ថ្ងៃឲ្យ Huawei រៀបចំឥវ៉ាន់ឲ្យរួចរាល់។
នៅក្នុងគេហទំព័រលក់ស្មាតហ្វូនគ្រប់ម៉ាក musicMagpie ឃើញថា Galaxy S10 Plus មួយទឹកលក្ខខណ្ឌនៅល្អ តម្លៃទិញចូលហាងឃើញថានៅល្អប្រសើរ ថ្លៃប្រហែល ៦៥០ ដុល្លារ។ ខណៈ Huawei P30 Pro នៅល្អដូចគ្នាទិញចូលហាងដោយឲ្យតម្លៃតែ ១៣០ ដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ថ្លៃ ៩០ ភាគរយនៃតម្លៃដំបូងដែលហាងលក់ចេញ ខណៈ Huawei Mate 20 Pro ទំហំ 128GB ដែលចេញមុន P30/P30 Pro មុនតែបន្តិច ហាងទិញចូលក្នុងតម្លៃប្រហែល ៩០ ដុល្លារប៉ុណ្ណោះ។
ត្បិតតែក្រុមហ៊ុនជាច្រើនរបស់អាមេរិក បានផ្អាកការសហការជាមួយ Huawei ក៏ពិតមែន តែក្រុមហ៊ុនយក្សនេះនៅតែមានជំនឿចិត្តឥតរាថយថាខ្លួននៅតែជោគជ័យដើរទៅមុខ ហើយឲ្យអតិថិជនទុកចិត្តលើខ្លួនចំពោះអនាគតនៃស្មាតហ្វូន Huawei ទាំងអស់។ ថ្មីៗនេះ Huawei បានស្កាត់គ្រប់ច្រកល្ហក ដើរទាក់ទងក្រុមហ៊ុនផ្សេងៗជាច្រើនដើម្បីមកសហការជាមួយខ្លួន។
ជាក់ស្តែងថ្មីៗនេះឮថា Huawei បានទាក់ទងចង់ចាប់ដៃជាមួយក្រុមហ៊ុនព័រទុយហ្កាល់ Aptoide ដែលមាន Store ផ្ទុក App ដល់ទៅ ៩០ ម៉ឺននិងអ្នកប្រើប្រហែល ២០០ លាននាក់លើពិភពលោក ដើម្បីមកតតាំងជាមួយ Android ដែល Google សម្រេចឈប់ផ្គត់ផ្គង់ឲ្យស្មាតហ្វូន Huawei ពេលអនាគត៕
ប្រពភ all111