នាយកក្រុមហ៊ុន Huawei ដាក់មួយឃ្លាថា៖ “មនុស្សដំបូងគេដែលធ្វើការតវ៉ាភ្លាម” ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងសងសឹកប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិជ្ជាយក្សអាមេរិក Apple

0
822

អ្នកយកព័ត៌មានរបស់ Bloomberg បានសួរនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei នៅក្នុងបទសម្ភាសន៍ថា តើគាត់នឹងសងសឹកប្រឆាំងនឹងក្រុមហ៊ុន Apple ដែរឬទេ ចំពេលមានការអំពាវ នាវដោយអ្នកខ្លះ នៅក្នុងប្រទេសចិនឱ្យចាត់វិធានការសងសឹកប្រឆាំងនឹងក្រុមហ៊ុនអាមេរិកនេះវិញ។ ស្ថាបនិកក្រុមហ៊ុនបច្ចេកវិជ្ជាយក្សចិន Huawei លោក Ren Zhengfei បាននិយាយ នៅក្នុងបទ សម្ភាសន៍មួយ ជាមួយសារព័ត៌មាន Bloomberg ថា គាត់នឹងក្លាយជា “មនុស្សដំបូងគេដែលធ្វើការតវ៉ាភ្លាម” ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងសងសឹកប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិជ្ជាយក្សអាមេរិក Apple ។

លោក Ren បានប្រាប់ Bloomberg នៅក្នុងបទសម្ភាសន៍ ចេញផ្សាយកាលពីថ្ងៃអាទិត្យទី២៦ឧសភាថា “ជាបឋម រឿងនោះនឹងមិនកើតឡើងទេ។ ទីពីរ ប្រសិនបើរឿងនោះកើតឡើងមែននោះ ខ្ញុំនឹងក្លាយ ជាអ្នកទី មួយតវ៉ាមុនគេ។ Apple គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោក ប្រសិនបើគ្មានក្រុមហ៊ុន Apple ទេ នោះនឹងមិនមានអ៊ីនធឺណេតទូរស័ព្ទនោះឡើយ។ ប្រសិនបើគ្មាន Apple ជួយបង្ហាញពិភពលោកដល់យើងទេ យើងនឹងមិនបានឃើញភាពស្រស់ស្អាតនៃពិភពលោកនេះទេ។ Apple គឺជាគ្រូរបស់ខ្ញុំ។ ក្រុមហ៊ុននេះកំពុង បោះជំហានទៅមុខរីកចម្រើននៅចំពោះមុខយើង។ ក្នុងនាមជាកូនសិស្ស តើមានមូលហេតុអ្វីដែល ខ្ញុំត្រូវ ប្រឆាំងនឹងគ្រូរបស់ខ្ញុំ?”។

ក្រុមហ៊ុន Huawei ត្រូវបានចោទប្រកាន់ដោយបណ្តាប្រទេសមួយ ចំនួនថាត្រូវបានឧបត្ថម្ភដោយ រដ្ឋចិននិងធ្វើចារកម្មជំនួសឱ្យរដ្ឋាភិបាលចិនតាមរយៈឧបករណ៍របស់ខ្លួន។ លោកប្រធានាធិបតីអាមេរិក Donald Trump បានចេញបទបញ្ជាប្រតិបត្តិកាលពីដើមខែឧសភាថា ដោយបញ្ចូលក្រុមហ៊ុន Huawei និងសាខារបស់ខ្លួនចំនួន ៧០ ទៅក្នុងបញ្ជីខ្មៅនៃពាណិជ្ជកម្ម ដោយហាមឃាត់សកម្មភាព របស់ក្រុមហ៊ុន នៅក្នុងប្រទេសរបស់ខ្លួន។ ហេតុដូច្នេះហើយ ក្រុមហ៊ុនអាមេរិកទាំងអស់ត្រូវតម្រូវ ឱ្យទទួលការអនុញ្ញាត ជាមុនសិន មុនពេលធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនទូរគមនាគមន៍ចិនមួយនេះ។

ជាលទ្ធផល ក្រុមហ៊ុន Google បានផ្អាកប្រតិបត្តិការអាជីវកម្មជាមួយក្រុមហ៊ុន Huawei រួមទាំងការផ្ទេររាល់ Hardware, Software និងសេវាកម្មបច្ចេកទេសនានា លើកលែងតែអាជីវកម្មណាដែលអាចរក បានតាមរយៈ ការផ្តល់អាជ្ញាប័ណ្ណជាលក្ខណៈ Open Source។ ចំណាត់ការនេះបានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន ទូរគមនាគមន៍ចិនដ៏ធំនេះ ដោយបណ្តាក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនដូចជា Vodafone និង EE នៅចក្រភពអង់គ្លេស បានផ្អាកការចេញផលិតផលថ្មីរបស់ក្រុមហ៊ុន Huawei៕ ប្រភពKhmeread

LEAVE A REPLY

Please enter your comment!
Please enter your name here