ព្រៃវែង៖ យោងតាមលិខិត របស់ឈ្មោះ ផង់ សុខុម ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលជនរងគ្រោះដោយអយុត្តិធម៌ បានស្នើសុំឲ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈលោកសុខ វណ្ណវឌ្ឍនា សាបុង ជួយអន្តរាគមន៍ រឿងទំនាស់ដីធ្លី ជាមួយ លោកឧកញ៉ា ជឹម សុខ ។
លោកសុខ វណ្ណវឌ្ឍនា សាបុង សមាជិក ឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់ មកពីគណបក្សខ្មែរក្រោកបានលើក ឡើងថា មានពលរដ្ឋមួយរូប ដាក់ពាក្យសុំអន្តរាគម៍ករណីឧកញ៉ា ជឹម សុខ ប្រើឈ្មោះសម្ដេច ហ៊ុន សែនប្រមុខរដ្ឋាភិបាលបំពានដីរបស់គាត់។
លិខិតអន្តរាគមន៍បាន រៀបរាប់ជូនសម្តេចតេជោ ថា កាលពីអំឡុងឆ្នាំ២០១៣ ឪពុករបស់ដើមបណ្តឹងឈ្មោះ ហ៊ុយ ផង់ មានទំនាស់ដីធ្លីជាមួយឈ្មោះ ខៃ ណាត និងឈ្មោះ ឌឹម ឈាង នៅចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ពេលនោះឈ្មោះ ហ៊ុយ ផង់ បានទៅពឹងពាក់ឈ្មោះ អ៊ុន សុគន្ធា ឲ្យជួយដោះស្រាយ និងរៀបចំឯកសារប្តឹងទាមទារដីនោះមកវិញ។
ក្រោយមកឈ្មោះ អ៊ុន សុគន្ធា បានទៅពឹង លោក ឧកញ៉ា ជឹម សុខ ឲ្យជួយដោះស្រាយរឿងដីធ្លីនោះ ស្រាប់តែចុងក្រោយបែរជាដីរបស់ឈ្មោះ ហ៊ុយ ផង់ បានក្លាយទៅជាដីរបស់អ្នកជួយ គឺឧកញ៉ា ជឹម សុខ ទៅវិញ។ ដោយមានបណ្តឹងរបស់ជនរងគ្រោះ តុលាការខេត្តព្រៃវែង បានចេញសាលក្រមសម្រេច ផ្តន្ទាទោស ឈ្មោះ អ៊ុន គន្ធា និងបក្ខពួកពីបទរំលោភលើទំនុកចិត្ត ប៉ុន្តែសាលក្រមនោះ មិនអាចមានឥទ្ធិពលលើឧកញ៉ា ជឹម សុខ ឡើយ គឺ លោកឧកញ៉ា នៅបន្តយកដីជនរងគ្រោះទៅគ្រប់គ្រងដដែល។
យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់ លោក សុខ វណ្ណវឌ្ឍនា សាបុង ឈ្មោះ William Guang បានសរសេរថា ៖ ពលរដ្ឋមួយរូប ដាក់ពាក្យសុំអន្តរាគម៍ ករណីឧកញ៉ា ជឹមសុខ ប្រើឈ្មោះសម្ដេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលបំពានដីរបស់គាត់ ។
ក្រោយទទួលបានបណ្ដឹង ហើយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក មានអារម្មណ៍ចម្លែកចិត្តព្រោះ ក្នុងឯកសារយោង ដែលជាភស្តុតាងបញ្ជាក់ថា សម្ដេចបានចូលរួមជាអធិបតី ដោះស្រាយដីធ្លីនេះ ឲ្យ លោក ជឹម សុខ ។ ករណីនេះ យើងខ្ញុំឆ្ងល់ថា តើសម្ដេច ហ៊ុនសែន ពិតជាមានពេលវេលាគ្រប់គ្រាន់ ទៅធ្វើអធិបតី ក្នុងអង្គប្រជុំដំណោះស្រាយដីធ្លីតូចតាចនេះ មែន ឬក៏ ឧកញ៉ា ថ្លើមធំ ហ៊ានយកវត្តមានសម្ដេច ហ៊ុន សែន ទៅប្រើ ? ដើម្បីដោះស្រាយចម្ងល់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងចុះសិក្សាផ្ទាល់ដោយយោងលើបណ្ដឹងពលរដ្ឋ “៕ ប្រភពCEN