ភ្នំពេញ៖ តាមសេចក្តីសម្រេចការិយាល័យសំឡេងសហរដ្ឋអាមេរិក (VOA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅផ្ទះលេខ៣២០ ផ្លូវព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមានលោក Christopher Service Dechard ជនជាតិអាមេរិកកាន់លិខិតឆ្លងដែនលេខ P822102789 ធ្វើនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ជាតំណាងស្របច្បាប់ ក្រសួងព័ត៌មានបានសម្រេចឲ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) បើកការិយាល័យតំណាងស្របច្បាប់មួយនៅក្នុងប្រទេសកម្ពុជា ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានបានចេញលិខិតផ្លូវការសម្រេចឱ្យវិទ្យុអាមេរិកមួយនេះ បើកការិយាល័យតំណាងតាមផ្លូវច្បាប់ កាលពីថ្ងៃទី៥ ខែមិថុនា ហើយត្រូវបានចេញផ្សាជាសាធារណ នៅថ្ងៃទី៧ មិថុនានេះ ។
ក្រសួងបានសម្រេចឲ្យការិយាល័យសំឡេងសហរដ្ឋអាមេរិក (VOA) និងអ្នកតំណាងស្របច្បាប់ត្រូវគោរពតាមរដ្ឋធម្មនុញ្ញច្បាប់ស្តីពីរបបសារព័ត៌មានក្រមសីលធម៌អ្នកសារព័ត៌មាន បទបញ្ជាកិច្ចសន្យា និងសេចក្តីណែនាំនានាពាក់ព័ន្ធវិស័យព័ត៌មាន និងសោតទស្សន៍នៃព្រះរាជាណាចក្រកម្ពុជា ។ ករណីប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន ។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានតម្រូវឱ្យការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមេរិក គឺរាល់ការផ្លាស់ប្តូរព័ត៌មានអំពីទីតាំងការិយាល័យ ឬអ្នកតំណាងស្របច្បាប់ ត្រូវជូនដំណឹងមកក្រសួងព័ត៌មាន ៥ (ប្រាំ) ថ្ងៃមុន ។
វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ជាបណ្តាញផ្សាយពហុព័ត៌មានអន្តរជាតិធំបង្អស់របស់សហរដ្ឋអាមេរិកដែលផ្តល់ព័ត៌មានជាច្រើនភាសា ។ VOA ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤២ ជាមួយនឹងការប្តេជ្ញារាយការណ៍ព័ត៌មានឯករាជ្យ និងទូលំទូលាយ ហើយនាំយកការពិតជូនដល់អ្នកស្តាប់ និងទស្សនិកជន ។ VOA ត្រូវបានឧបត្ថម្ភថវិកាដោយពលរដ្ឋអាមេរិកាំងដែលបង់ពន្ធហើយ VOA ជាផ្នែកមួយនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់បណ្តាញផ្សាយព័ត៌មានសាកល ។ នេះបើតាមការប្រកាសរបស់ VOA ។
នាពេលកន្លងទៅរាជរដ្ឋាភិបាលកម្ពុជារងការចោទប្រកាន់ថា បានបិទសារព័ត៌មានបរទេស ដូចជា អាស៊ីសេរី និងThe Cambodia Daily ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីតាមសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការលើកតម្កើងនូវសិទ្ធិសេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានជាធរមាន ។
រាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកបានផ្តួចផ្តើមគំនិតបិទការិយាល័យតំណាងរបស់ខ្លួនដោយខ្លួនឯង ។ ដូច្នេះវិទ្យុទាំងពីរនេះក៏មានសេរីភាពបើកការិយាល័យតំណាងរបស់ខ្លួននៅកម្ពុជាឡើងវិញបានដែរ ។ ដោយឡែកកាសែត The Cambodia Daily បានបិទការិយាល័យដោយសារតែមិនមានលទ្ធភាពបង់ពន្ធជូនរដ្ឋ ។
សូមជម្រាបថា ការសម្រេចអនុញ្ញាតឲ្យវិទ្យុវីអូអេនៅកម្ពុជានេះ ក្រោយពីមានជំនួបពិភាក្សាការងាររវាងលោកខៀវ កាញារីទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មានជាមួយ លោក Christopher Service Dechard ជនជាតិអាមេរិកជាតំណាងស្របច្បាប់របស់វិទ្យុ ៕ ប្រភពកោះសន្តិភាព