សៀមរាប៖ ករណីចាប់ក្មេងប្រុសម្នាក់ចាក់សាំងដុត ព្រោះតែខឹង លួចលុយរបស់ខ្លួន២ម៉ឺនរៀល ត្រូវសមត្ថកិច្ចតាមចាប់វៃខ្នោះ ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ នៅភូមិកោកក្នាំង ឃុំរើល ស្រុកពួក ខេត្តសៀមរាប ។
សមត្ថកិច្ច បាន ឲ្យដឹងថាជនបង្កជាមនុស្សស្រី (តែងខ្លួនជាប្រុស) មានឈ្មោះ តែម មឿត អាយុ៣៩ឆ្នាំ ។ ដោយឡែក ក្មេងប្រុសរងគ្រោះឈ្មោះ ពន ប៉ិន អាយុ៩ឆ្នាំ ជាអ្នកជិតខាងគ្នារស់នៅក្នុងភូមិជុំគ្នា ។
សមត្ថកិច្ចបានបន្តថា មូលហេតុដែលស្ដ្រីជនដៃដល់ ធ្វើសកម្មភាពបែបនេះ ដោយសារតែខឹងក្មេងប្រុសខាងលើ ចូលលួចលុយរបស់ខ្លួន ចំនួន២ម៉ឺនរៀល ហើយខ្លួនបានចាក់សាំងមួយគំរបដប ចាក់លើអាវដុតក្មេងតែម្ដង បណ្តាលឲ្យជនរងគ្រោះឆេះរលាត់ស្បែកមួយចំហៀងខ្លូនផ្នែកខាងឆ្វេង។
ក្រោយហេតុក្មេងរងគ្រោះ ត្រូវបានគេជួយសង្គ្រោះទាន់ពេល ហើយបញ្ជូន ទៅ ព្យាបាលនៅមន្ទីពេទ្យជ័យវរ្ម័នទី៧ ដែលរហូតមកដល់ពេលនេះ បានរួចផុតពីគ្រោះថ្នាក់ហើយ។ ដោយឡែក សម្រាប់ជនបង្កសមត្ថកិច្ចនឹងបញ្ជូនទៅតុលាការនៅព្រឹកស្អែក ដើម្បី ផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕