ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,៧០៩នាក់ ក្នុងនោះមាននារី ៦៧៦នាក់ នៅវិទ្យស្ថានជាតិអប់រំ ។ ក្នុងនោះក៏មាននិស្សិតជ័យលាភី ដែលទទួលបានអាហារូបករណ៍ របស់សម្តេចតេជោ ហ៊ុន សែន ចំនួន ១៤៤នាក់ផងដែរ ។
វិទ្យាស្ថានខ្មែរជំនាន់ថ្មី គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឯកជនមួយដែល ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាល វិទ្យាស្ថានស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដោយធ្វើការបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត ចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ រហូតដល់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់។ ក្រៅពីការងារបណ្តុះបណ្តាល វិទ្យាស្ថានក៏បានចូលរួមចំណែក បម្រើឲ្យសកម្មភាពមនុស្សធម៌ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពរដ្ឋ ទាំងអស់ត្រូវចូលរួម ក្នុងការរក្សាទឹកទុក ក៏ដូចជាបន្តការជីកអណ្តូង ជីកស្រះអោយបានច្រើនបន្ថែមទៀត ដើម្បីត្រៀមពេលដែលយើងខ្វះខាតទឹក សម្រាប់ប្រើប្រាស់បន្ទាន់នោះ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវអោយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមក្នុងសកម្មភាពមនុស្សធម៌ ក្នុងការជីកអណ្តូង ជីកស្រះ និងស្វែងរកប្រភពទឹកអោយហើយ ប្រសើរជាងការដឹកជញ្ជូនទឹកអោយគ្នាពេលដែលខ្វះខាតទឹកក្នុងគ្រាបន្ទាន់នោះ។
ចំណែកឯពាក់ព័ន្ធរឿងអគ្គិសនីវិញ សម្តេចតេជោ ហ៊ុន សែន សូមអោយប្រជាពលរដ្ឋមានការអត់ធ្មត់បន្តិច ពីព្រោះពេលនេះកម្ពុជាយើងកំពុងខ្វះខាតអគ្គិសនីប្រើប្រាស់រហូតដល់៤០០មេហ្គាវ៉ាត់ ដោយយើងខ្វះខាត ទឹកក្នុងការទាញយកថាមពលពីវារីអគិ្គសនី។
ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកំពុងរងចាំការឆ្លើយតបពីប្រទេសទួកគី ក្នុងការទទួលកាប៉ាល់ ដែលផ្ទុកអគ្គិសនី ពីព្រោះយើងត្រូវការទាញថាមពលអគ្គិសនីពីកាប៉ាល់នេះដើម្បីផ្គត់ផ្គង់អគ្គិសនី។ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវអោយ ប្រជាពលរដ្ឋក៏ដូចជាសហគ្រាស អាចប្រើម៉ាស៊ីនភ្លើងបាន សូមប្រើម៉ាស៊ីនភ្លើងជំនួសកាប្រើប្រាស់ភ្លើងអគ្គិសនីវិញ ដើម្បីចូលរួមសន្សំសំចៃទាំងអស់គ្នា នៅពេលដែលយើងកំពុងតែខ្វះខាតភ្លើងអគ្គីសនី៕