ភ្នំពេញ៖ ថ្លែងនៅក្នុងឪកាសបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខណ្ឌទាំង១២ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមនិងមន្ទីរពាក់ព័ន្ធនានាចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលបានខិតខំប្រឹងប្រែង សហការអនុវត្តទិសដៅ និងភារៈកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញកន្លងមក ដែលរាជរដ្ឋបាលបានប្រគល់ជូន ក្នុងការបម្រើដល់ការងារសន្តិសុខ-សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ ។
ជាមួយនិងអង្គសន្និបាតនេះដែរ ឯកឧត្តម ឃួង ស្រេង បានអោយដឹងថា៖ កន្លងមក ក្នុងឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារទទួលបានសម្មិទ្ធិផលជាច្រើន ក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញ ក៏ដូចជាការរៀបចំសន្តិសុខ-សណ្តាប់សាធារណៈ ជាមួយនិងសេវាសាធារណៈជូនប្រជាពលរដ្ឋ ប៉ុន្តែទទឹមនិងសម្រេចបាននូវសម្មិទ្ធិផលទាំងនេះ ក៏នៅតែមានបញ្ហាប្រឈមមួយចំនួននៅសេសសល់ ដែលទាមទារ អោយរួមគ្នាដោះស្រាយក្នុងឆ្នាំ២០១៩ បន្តទៀត ក្នុងនោះរួមមាន៖ ការអនុវត្តច្បាប់ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញ-ចូលតែមួយ ការធ្វើប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋ និងការប្រើប្រាស់អក្សរបរទេសលើផ្ទាំងផ្សព្វផ្សាយជាដើម ។
ឯកឧត្តមបន្តអោយដឹងទៀតថា ទាក់ទិននិងអង្គសន្និតបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩នេះ គឺជាការបូកសរុប វាយតម្លៃដកស្រង់បទពិសោធន៍លទ្ធផលការងារឆ្នាំថ្មី ២០១៩ នៃការអនវុត្តវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា និងជាការចាប់ផ្តើម នៃការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ។
ឯកឧត្តមបានបន្តថា ដើម្បីកំណត់ទិសដៅអនុវត្តការងារឆ្នាំ២០១៩ បានយ៉ាងលម្អិត អង្គសន្និបាតបានរក្សាវិធីសាស្ត្របែងចែកជាក្រុម ដើម្បីធ្វើការពិភាក្សាដូចជា ១ វិធានការជំរុញការ ងារអនុវត្តច្បាប់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ២ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញចូលតែមួយ ៣ ការធ្វើប្រទានកម្មដីធ្លី ជូនប្រជាពលរដ្ឋ និងទី៤ វិធានការទប់ស្កាត់ការប្រើប្រាស់អក្សរបរទេសនៅលើអក្សរខ្មែរ ឬ អក្សរបរទេសសុទ្ធដោយគ្មានកម្មសិទ្ធបញ្ញា លើផ្ទាំងផ្សព្វផ្សាយផ្សេងៗ ។
ជាមួយគ្នានោះ ឯកឧត្តមបានជំរុញ ដល់សមាជិក-សមាជិកការនៃអង្គសន្និបាតទាំងអស់ ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ ចូលរួមអោយពេញលេញ ទៅតាមកម្មវិធីនៃអង្គសន្និបាត និងយកអស់បញ្ញាញាណ ស្មារតី ចែករំលែកមេរៀន បទពិសោធន៍ ដែលបានអនុវត្តកន្លងមកអោយបានផុសផុល ក្នុងន័យរិះរកនូវដំណោះស្រាយ មធ្យោបាយ និងវិធានការ ដើម្បីឆ្លើយតប ទៅនិងបញ្ហាប្រឈមថ្មីៗ និងត្រូវធានា អោយដំណើរការនៃអង្គសន្និបាត ប្រព្រឹត្តទៅទទួលបានជោគជ័យ ។