ខេត្តសៀមរាប ៖ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចមកកម្លាំងនគរបាលស្រុកវ៉ារិន បានចុះស្រាវជ្រាវរហូតធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី៣នាក់ ករណីឆបោកដោយបានទម្លាក់មាសក្លែងក្លាយប្តូរយកមាសពិតពីជនរងគ្រោះនៅតាមដងផ្លូវសាធារណៈ ដែល ហេតុការឃាត់ខ្លួនជនឆបោកទម្លាក់មាសតាមដងផ្លូវប្តូរយកមាសសុទ្ធពីជនរងគ្រោះនោះបានកើតឡើង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកវ៉ារិន ខេត្តសៀមរាប ។
លោកឧត្ដមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលបានទទួលបណ្តឹងរបស់ជនរងគ្រោះករណីឆបោកដោយបានទម្លាក់មាសក្លែងក្លាយប្តូរយកមាសពិត កម្លាំងនគរបាលមូលដ្ឋានស្រុកវ៉ារិនក៏បានដាក់កម្លាំងល្បាតរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ១-ឈ្មោះ ជួង សុភាព ហៅទូច ភេទប្រុស អាយុ៤៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិជ្រឹងខាងលិច សង្កាត់កូនក្រៀល ក្រុង-/សំរោង ខេត្តឧត្តរមានជ័យ ។ ២- ឈ្មោះ ឌីន ចាន់ថុល ហៅម៉ូវ ភេទស្រី អាយុ៣៩ឆ្នាំ(ប្រពន្ធ) ស្នាក់នៅភូមិ-ឃុំជាមួយគ្នា ពាក់ព័ន្ធករណីឆបោក(ទម្លាក់មាសក្លែងក្លាយប្ដូរយកមាសពិតពីជនរងគ្រោះ) ។ ៣-ឈ្មោះ អ៊ុយ ណាត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិជ្រឹងខាងលិច សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធបទសមគំនិតអំពើឆបោក។
លោកបន្តថា នៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិឫស្សីតូច ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ អ៊ួន សាលួត ភេទស្រី អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ជាមួយនឹងកូនស្រីឈ្មោះ សូរិយា ចាន់ដា អាយុ១៨ឆ្នាំ បានជិះម៉ូតូរបស់ខ្លួនឆ្ពោះទៅផ្សារអង្គរជុំ ស្រុកអង្គរជុំ គោលបំណងរបស់គាត់យកប្រាក់ទៅបង់ធនាគារ លុះជិះម៉ូតូមកដល់ចំណុចខាងលិចសាលាបឋមសិក្សាឫស្សីតូច ស្ថិតនៅភូមិឫស្សីតូច ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ស្រាប់តែឃើញជនសង្ស័យមនុស្សស្រីម្នាក់ពុំស្គាល់ឈ្មោះជិះម៉ូតូវ៉ាជនរងគ្រោះទៅមុនបាត់ ដោយបានឃើញជ្រុះកញ្ចប់ចំនួន០១ ដោយរុំនឹងក្រដាសជូតមាត់ពណ៌ស មានប្រាក់ចំនួន២០០០រៀល រឹតកៅស៊ូកង ។
បន្ទាប់មកស្រាប់តែឃើញជនសង្ស័យម្នាក់ទៀតភេទប្រុសជិះម៉ូតូ០១គ្រឿងទៀត ពុំស្គាល់ឈ្មោះ បានមករើសយកកញ្ចប់នោះ រួចជនរងគ្រោះក៏ជិះម៉ូតូហួសទៅមនុស្សប្រុសដែលបានរើសនោះក៏ជិះតាមក្រោយមួយសន្ទុះក្រោយមក ស្រាប់តែស្ត្រីម្នាក់ដែលបានជ្រុះកញ្ចប់នោះបានត្រឡប់មកវិញដោយភ័យស្លន់ស្លោមកសួរជនរងគ្រោះថា មីងៗបានឃើញកញ្ចប់មាសដែលគាត់ជ្រុះមិញដែរ ឬអត់ ជនរងគ្រោះឆ្លើយថា នោះមនុស្សម្នាក់នោះ (ជន សង្ស័យភេទប្រុស) បានរើសយក តែជនសង្ស័យភេទស្រីធ្វើជាស្តាប់ពុំបាន បន្ទាប់មកទៀតជនសង្ស័យភេទស្រីក៏បានមកសួរជននោះ តែគេបានឆ្លើយថា ពុំបានឃើញ ឬរើសបាននោះទេ រួចស្ត្រីម្នាក់នេះក៏ជិះម៉ូតូត្រឡប់ទៅក្រោយបាត់ទៅ ។
បន្ទាប់មកជនសង្ស័យភេទប្រុសក៏យកកញ្ចប់មាសនោះ (មាសក្លែងក្លាយ) បបួលចែកគ្នាជាមួយជនរងគ្រោះដោយថា បានឃើញទាំងអស់គ្នា រួចបបួលទៅចែកគ្នាក្នុងព្រៃ ខណៈពេលនោះជនសង្ស័យបាននិយាយថា មីងឯងយកមាសនេះទាំងអស់ទៅ (មាសក្លែងក្លាយ) តែដោះខ្សែ.ករមាសដែលមីងពាក់ឲ្យមកខ្ញុំ ដើម្បីដោះដូរគ្នា ភ្លាមនោះជនរងគ្រោះក៏ដោះខ្សែ.កមាសរបស់ខ្លួនឲ្យជនសង្ស័យ រួចមកឡើងជិះម៉ូតូរៀងៗខ្លួន ដោយជនរងគ្រោះជិះចេញទៅទិសខាងលិច ហើយជនសង្ស័យក៏ជិះទៅទិសកើត លុះជនរងគ្រោះចេញបានចម្ងាយប្រហែល២០០ម៉ែត្រក៏ភ្ញាក់ខ្លួនថា បានចាញ់បោកគេហើយក៏ប្តឹងរាយការណ៍ដល់សមត្ថកិច្ចតែម្តង ។
ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានដាក់កម្លាំងអន្តរាគមន៍ស្ទាក់តាមបណ្តាប៉ុស្តិ៍នីមួយៗរហូតចាប់បានជនសង្ស័យចំនួន០៣នាក់ខាងលើ ។ ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុសហេតុស្រង់ចម្លើយ ពួកគេបានសារភាពថា ពិតជាបានធ្វើសកម្មភាពឆបោក យកមាសក្លែងក្លាយឆបោកយកខ្សែ.កមាសពីជនរងគ្រោះពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យប្រុសស្រី៣នាក់ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញនៃស្រុកវ៉ារិន កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕