លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានបញ្ជាក់អំពីជំនឿយ៉ាងមុតមាំថា អាយប៉ាប្រាកដ ជាអាចសម្រេចបាននូវកិច្ចការកាន់តែច្រើនឡើង ក្នុងការធ្វើឲ្យសង្គមនីមួយៗប្រកបដោយបរិយាប័ន្ន និរន្តភាព និងភាពធន់មាំនៅក្នុងតំបន់អាស៊ាន។ លោកជំទាវបានលើកឡើងបែប នេះនៅក្នុងការ ធ្វើបទអត្ថាធិប្បាយជាអនុសាសន៍គន្លឹះនៅក្នុងកិច្ចប្រជុំត្រៀមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរ សភាអាយប៉ា(AIPA Preparatory Meeting for the AIPA-ASEAN Interface at the 34th ASEAN Summit) នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារអ៊ិនធើកុងទីណង់តាល់ ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
សូមជម្រាបថាកិច្ចប្រជុំត្រៀមនេះត្រូវបានប្រារព្ធឡើងមុន ១ថ្ងៃ នៃកិច្ចប្រជុំរវាងអន្តរសភាអាស៊ាន និងអាយ ប៉ា ដែលតំណាងសភានៃប្រទេសជាសមាជិក AIPA ចូលរួមពិនិត្យ និងពិភាក្សាទៅលើ របាយការណ៍ដែល នឹងឡើងថ្លែងដោយ ឯកឧត្តម ឆួន លីគប៉ៃ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ និងជាប្រធានប្តូរ វេនអន្តរសភាអាស៊ាន(អាយប៉ា)លើកទី៤០ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន និងសភាតំណាងអាយប៉ា។ ខ្លឹមសារក្នុងរបាយការណ៍នោះ គឺជាទស្សនៈរួមបញ្ចូលគ្នារបស់ប្រទេសជាសមាជិកអាយប៉ាទាំង១០ ដោយ ផ្តោតសំខាន់ទៅលើសមិទ្ធផលនានា និងទិសដៅសកម្មភាពដែលអាយប៉ា បាននឹងកំពុងបន្តអនុវត្តកន្លងមក ព្រមទាំងរិះរកយន្តការថ្មីៗ សំដៅដល់ការពង្រីកកិច្ចសហប្រតិបត្តិការរវាងអាយប៉ា និងអាស៊ាន អោយកាន់ តែមានសមាហរណកម្មជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពថែមទៀត។
លោកជំទាវ កិត្តិសង្គហបណ្ឌិត បានចូលរួមផ្តល់ជាអនុសាសន៍គន្លឹះបន្តទៀតថា ក្នុងនាមយើងទាំងអស់ គ្នាជាសមាជិកសភា ដែលតំណាងឲ្យប្រជាជននៃអាស៊ាន យើងមានការប្តេជ្ញាចិត្តក្នុងការកសាង និងធ្វើ ការអភិវឌ្ឍរាល់គ្រប់វិស័យសំដៅធានាដល់ផលប្រយោជន៍ប្រជាជនជាសំខាន់ នៅក្នុងអាស៊ានតាមរយៈការ លើកកម្ពស់កិច្ចសន្ទនាពហុភាគីពាក់ព័ន្ធ និងកិច្ចសហប្រតិបត្តិការដោយជាក់ស្តែង។
លោកជំទាវបានបន្ត ទៀតថា អន្តរសភាអាយប៉ា បានធ្វើការរួមគ្នាជាមួយរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ដែលការណ៍នេះ ធ្វើឲ្យយើងកាន់តែយល់ដឹងបន្ថែម និងធ្វើការ គ្រប់គ្រងបានល្អនូវធនធានមានកម្រិតរបស់យើង ដើម្បីឈានទៅរកចក្ខុវិស័យអាស៊ានឆ្នាំ២០២៥។
កំឡុងពេលនៃកិច្ចប្រជុំត្រៀមនេះ មានការស្នើបញ្ចូលបន្ថែមនូវបញ្ហា ដែលជាក្តីកង្វល់របស់សមាជិកសភា អាស៊ានសម្រាប់ថ្លែងក្នុងកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា ដែលនាពេលនោះ សភា កម្ពុជាបានស្នើដាក់បញ្ចូលបន្ថែមនូវចំណុច២ ដោយគណៈប្រតិភូសភាកម្ពុជាយល់ឃើញថា គួរត្រូវបាន លើកឡើងនៅក្នុងរបាយការណ៍របស់អាយប៉ាជារួម មានជាអាទិ៍៖ ១.ការលើកកម្ពស់ និងផ្តល់ភាពអង់ អាចដល់ស្ត្រី និងសមភាពយេនឌ័រ ២.បញ្ហាសនិ្តសុខស្បៀងនៅក្នុងតំបន់ ជាពិសេសបណ្តាតំបន់អនុ ទន្លេមេគង្គ។ រីឯសមភាគីវៀតណាមបានស្នើបញ្ចូលបន្ថែមបញ្ហាការជួញដូរគ្រឿងញៀន និងមនុស្ស ខុសច្បាប់ និងសមភាគីថៃស្នើបញ្ចូលបន្ថែមនូវការរឹតបន្តឹងកិច្ចសហប្រតិបត្តិក្នុងតំបន់ក្នុងការគ្រប់គ្រង និងថែរក្សាបេតិកភណ្ឌវប្បធម៌ ដោយមានការចូលរួមពីប្រជាជនតាមមូលដ្ឋាន។ ជាមួយគ្នានេះផងដែរ ប្រធានកិច្ចប្រជុំត្រៀម ឯកឧត្តម ឆួន លីគប៉ៃ និងតំណាងសភាអាយប៉ានីមួយៗដែលចូលរួម បានឯកភាពដាក់បញ្ចូលចំណុចខាងលើនេះទៅក្នុងរបាយការណ៍រួមរបស់អាយប៉ា។
គួររម្លឹកផងដែរថា ប្រធានប្តូរវេនអន្តរសភាអាយប៉ា ឯកឧត្តម ឆួន លីគប៉ៃ នឹងថ្លែងសារដែលខ្លឹមសារ ក្នុងនោះ បានបញ្ជាក់ពីទស្សនៈតំណាងសភាអាយប៉ាទាំង១០ប្រទេស ក៏ដូចជារិះរកយន្តការថ្មីៗ ដើម្បី អាយប៉ា និងអាស៊ានរួមគ្នាធ្វើការដោះ ស្រាយបញ្ហាប្រឈមផ្សេងៗដូចដែលបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំនេះ៕