ក្រសួងរៀបចំដែនដីបញ្ជាក់ថា អគារដែលបាក់រលំសង្កត់ឲ្យមនុស្សនិងរងរបួសជាច្រើននាក់ នោះគឺក្រសួងពុំចេញ គឺធ្វើដោយខុសច្បាប់តែម្តង

0
628

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះថា អគារដែលរំលំបាក់សង្កត់លើមនុស្សស្លាប់ និងរងរបួសច្រើននាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនេះ ពុំមានច្បាប់អនុញ្ញាត ឱ្យសាងសង់នោះទេ។

ពាក់ព័ន្ធនឹងករណីអគាររលំបាក់សង្កត់មនុស្សនេះ អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានបញ្ជាក់ថា សំណង់ អគារខាងលើនេះអត់មានច្បាប់អនុញ្ញាតទេ ហើយធ្លាប់ត្រូវបានអាជ្ញាធរ ជំនាញហាមឃាត់ មិនឱ្យសាងសង់ ចំនួន ២ដងរួចទៅហើយ ប៉ុន្តែម្ចាស់សំណង់មិនចូលរួមសហការ។ ម្ចាស់សំណង់ឈ្មោះ ជីង គ័ង ជាជនជាតិចិន ទីតាំងសាងសង់លើផ្ទៃដីទំហំ៥៨៣ម៉ែត្រក្រឡា។ អាគារនេះជាប្រភេទសំណង់ ធ្វើពីឆ្អឹង ដែកសង់បានកម្ពស់៧ជាន់ គ្មានលិខិតអនុញ្ញាតសាងសង់។

ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងបានថ្លែងឲ្យដឹងថា ជាមួយនេះអាជ្ញាធរជំនាញ នឹងចុះធ្វើការត្រួត ពិនិត្យសំណង់ដែលមិនមានគុណភាព សំណង់សាងសង់ខុសពី លិខិតអនុញ្ញាត និងសាងសង់ ដោយគ្មាន លិខិតអនុញ្ញាត ដើម្បីមានវិធានការតាមផ្លូវច្បាប់។ រីឯក្រុមហ៊ុនទទួលម៉ៅការសាងសង់ ត្រូវតែជាក្រុមហ៊ុន ដែលបានចុះបញ្ជី និងមានវិញ្ញាបនបត្រប្រកបអាជីវកម្មសាងសង់ ចេញដោយក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់។

សូមជម្រាបថា នៅម៉ោងជិត៥៖០០នាទីព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំ អគារកម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តយីហោ «អារុណរះ» ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា ករណីនេះបានកើតឡើង នៅវេលាម៉ោង ៥ទៀបភ្លឺនៅក្រុងព្រះសីហនុ ហើយម៉ោង១០ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ច និងក្រុមជួយ សង្គ្រោះបាន រកឃើញអ្នកស្លាប់៣នាក់ និងកម្មករជិត១០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ចេញពីគំនរអគារ កម្ពស់៧ជាន់ ដែលបាក់រលំនៅម៉ោងជិត៥ព្រឹកថ្ងៃនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here