(ភ្នំពេញ) អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជម្រុញអោយខណ្ឌ និងមន្ទីរជំនាញ ចំណុះអោយ រដ្ឋបាលរាជធានីភ្នំពេញសម្រុកលើការងារជួសជុលផ្លូវ ស្តារលូ ស្តារប្រឡាយទាំងអស់ អោយបានស្អាត ក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ ហើយចំពោះអ្នកលក់ដូរអាហារហូប ចុកបង្កអោយលូស្ទះក៏ នឹងមានវិធានការ ធ្ងន់ធ្ងរផងដែរ ។
ចំណាត់ការនេះ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ មករាឆ្នាំ២០១៩នេះ នៅ ក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យលទ្ធផល ការងារគម្រោងជួសជុល ប្រព័ន្ធលូក្នុង ខណ្ឌទាំង៤កណ្តាលក្រុងក្នុងឆ្នាំ២០១៨និងផែនការ២០១៩ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង៤ និងមន្ទីរមន្ទីរជំនាញពាក់ព័ន្ធចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្រាប់ប្រព័ន្ធលូ ប្រឡាយយើង នាពេល បច្ចុប្បន្ននេះឃើញថា រំដោះទឹកមានលក្ខណៈល្អប្រសើរហើយ ដោយពីមុនស្ទះទឹក២ថ្ងៃទើបហូរអស់ តែពេលនេះ មិនដល់មួយម៉ោងផងទឹកបានហូរអស់ពីលើផ្លូវទៅហើយ ។ ទោះបីជាយ៉ាងណាក្តីការងារនេះយើងត្រូវតែបន្តធ្វើទៀត ។
ឯកឧត្តម ឃួង ស្រេង បានសង្កត់ធ្ងន់ថា ចំពោះការងារនេះរដ្ឋបាលរាជធានីភ្នំពេញ បានជម្រុញអោយធ្វើច្រើនលើកច្រើនសាររួចមកហើយ តែហាក់មិនមានសកម្មភាពសោះ ដូច្នេះទេ បើនៅតែមិនធ្វើ នៅឆ្នាំ២០១៩នេះ ទុកអោយរដ្ឋបាលរាជធានីភ្នំពេញជាអ្នកធ្វើម្តង ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ អំពីបញ្ហាទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក៤ខណ្ឌក្នុងរាជធានី រដ្ឋបាលរាជធានីភ្នំពេញបានដាក់ផែនការឱ្យ៤ខណ្ឌ ចុះពិនិត្យនិងអនុវត្តតាមផែនការ ការស្ដារប្រព័ន្ធប្រឡាយ លូ ក្នុងឆ្នាំ២០១៨បានអនុវត្តសម្រេចបាន១០០%តាមគម្រោង។ដោយមើលឃើញពីតម្រូវការរបស់បងប្អូនក្នុងរាជធានីភ្នំពេញកាន់តែខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំដាក់ផែនការថ្មី ដើម្បីរាជធានីភ្នំពេញជៀសផុតពីទឹកជំនន់ទឹកភ្លៀងនារដូវវស្សាក្នុងឆ្នាំ២០១៩នេះ និងបន្តអនុវត្តនិរន្តរភាពការងារឱ្យមានប្រសិទ្ធភាពការងារ៕