ការជក់បារី ជាទម្លាប់អាក្រក់បំផុតមួយដែលអ្នកត្រូវព្យាយាមបញ្ឈប់ឱ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន!
ហើយវាជះឥទ្ធិពលដល់អ្នកនៅជុំវិញខ្លួន ជាពិសេសគឺគ្រួសាររបស់អ្នក អត្ថបទខាងក្រោមនេះ ជាចំណុចពិសេសសម្រាប់អនុវត្ត៖
១. តាំងចិត្ត ឬរៀបចំស្មារតី
ចំណុចដំបូងបំផុតដែលអ្នកត្រូវធ្វើនៅពេលផ្ដាច់បារី គឺតាំងចិត្តឱ្យមាំ។ ព្យាយាមឃាត់ និងហ្វឹកហាត់ចិត្តខ្លួនឯងឱ្យជាប់ថា អ្នកចង់ផ្ដាច់ ឬឈប់ជក់បារី។ សួរខ្លួនឯងថា ហេតុអ្វីអ្នកចង់ធ្វើបែបនេះ? គឺធ្វើដើម្បីសុខភាពខ្លួនឯង ក៏ដូចជាគ្រួសារ! ហើយក៏ព្រោះតែអ្នកត្រូវបានវេជ្ជបណ្ឌិតធ្វើការព្រមានដាស់តឿនឱ្យឈប់។ ការកំណត់បានច្បាស់នូវអ្វីដែលជម្រុញឱ្យអ្នកសម្រេចចិត្តឈប់ជក់បារី ហើយផ្ដោតសំខាន់លើវា គឺជាវិធីដ៏មានប្រសិទ្ធិភាពមួយក្នុងការផ្ដាច់បារីបានសម្រេច។
២. ជ្រើសរើសពេលវេលា
ប្រសិនបើអ្នកពិតជាចង់ផ្ដាច់បារីមែននោះ ចូរកំណត់ ឬជ្រើសរើសថ្ងៃខែពេលណាដែលអ្នកនឹងឈប់ជក់។ ការធ្វើបែបនេះ គឺផ្ដល់ឱ្យអ្នកនូវគោលបំណងជាក់លាក់មួយអំពីអ្វីដែលអ្នកត្រូវការ ឬសម្រេចឱ្យបាន។ មនុស្សភាគច្រើននិយាយថា ពួកគេនឹងឈប់ជក់ ប៉ុន្តែមិនអាចធ្វើបាន ក៏ព្រោះតែការមិនកំណត់ពេលវេលាត្រឹមត្រូវដើម្បីសម្រេចការប៉ងទុករបស់ពួកគេ។ ដូច្នេះដើម្បីអាចចាប់ផ្ដើមផ្ដាច់បារីបានឆាប់រហ័ស ចូរកំណត់ពេលឱ្យជាក់លាក់ ហើយអនុវត្ត។
៣. ផ្លាស់ប្ដូរទម្លាប់
អ្នកត្រូវដឹងថាតើពេលណាដែលអ្នកងាយនឹងចង់ជក់បារីបំផុត។ ជាញឹកញយអ្នកតែងជក់ក្រោយពេលទទួលទានកាហ្វេ ឬកំឡុងពេលថ្ងៃត្រង់ ឬក៏នៅពេលណាអ្នកសម្រាក? ផ្លាស់ប្ដូរទម្លាប់របស់អ្នកអាចកាត់បន្ថយឱកាសនៃការជក់បារីបាន!
៤. ធ្វើខ្លួនឱ្យរវល់
មនុស្សមួយចំនួនងាយនឹងជក់ ឬច្រើនតែជក់បារីនៅពេលណាពួកគេមានអារម្មណ៍អផ្សុក។ ប្រសិនបើអ្នកទំនេរគ្មានអ្វីធ្វើ ហើយតែងចង់ជក់បារីនោះ ចូរព្យាយាមបំពេញចន្លោះពេលដែលទំនេរនេះភ្លាម។ អ្នកអាចធ្វើលំហាត់ប្រាណ, លេងហ្គេម ឬធ្វើអ្វីដែលអ្នកចូលចិត្តក៏បាន ដោយជៀសឱ្យផុតពីការចាប់ទាញបារីយកមកជក់។ នៅពេលដៃទាំងសងខាងរបស់អ្នកជាប់រវល់ធ្វើអ្វីផ្សេងហើយនោះ អ្នកមិនអាចឈានទៅយកបារីមកជក់បានឡើយ។ លើសពីនេះទៅទៀត នៅពេលជាប់រវល់ជាមួយអ្វីផ្សេង និងផ្ដោតសំខាន់លើការងារដែលកំពុងធ្វើហើយនោះ អ្នកប្រាកដជានឹងភ្លេចដល់រឿងជក់បារីជាមិនខាន។
៥. ផ្ដាច់ហើយត្រូវឈប់រហូត
ម្ដងដែលអ្នកព្យាយាមឈប់ជក់បានប៉ុន្មានថ្ងៃ, សប្តាហ៍ ឬខែ ហើយនោះ កុំឆាប់ពេញចិត្ត រួចអបអរខ្លួនឯងដោយការជក់វិញបន្តិច! មិនថាស្ថិតក្នុងឱកាសពិសេសអ្វី ឬនៅពេលអ្នកមានអារម្មណ៍ថាស្ត្រេសខ្លាំងក៏ដោយ អ្នកមិនគួរជក់តាមដែលចិត្តចង់ដែរ។ បញ្ហានោះ គឺទោះបីអ្នកផ្ដាច់បារីបានយូរខែមកហើយក៏ពិតមែន ប៉ុន្តែប្រសិនបើអ្នកចាប់ផ្ដើមជក់វិញត្រឹម ១ ដើមក៏ដោយ ក៏ក្រោយមកអ្នកអាចនឹងធ្លាក់ក្នុងទម្លាប់ចាស់ដដែលជាមិនខាន៕ប្រភពhealth.com