ថ្ងៃនេះ គឺជាថ្ងៃចុងក្រោយហើយ សម្រាប់បងប្អូនដែលទៅលេងកម្សាន្តនៅ វិមាន ឈ្នះឈ្នះ ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ចំណែកថ្ងៃចុងក្រោយនេះនឹងរឹតតែពិសេសជាង២ថ្ងៃមុនទៅទៀត ព្រោះការបាញ់កាំជ្រួច នឹងបាញ់ដល់ទៅរយៈពេលដល់ទៅ១ម៉ោងឯណោះ នេះបើតាមការបញ្ជាក់ពីហ្វេសប៊ុកផេករបស់ “រដ្ឋបាលរាជធានីភ្នំពេញ” បានបញ្ជាក់ជូនឲ្យដឹងកាលពីម្សិលមិញនេះ។
ក្នុងរយៈពេល២ថ្ងៃនេះ គេបានឃើញបងប្អូនទៅចូលរួមលេងកម្សាន្តនៅទីនោះយ៉ាងច្រើនកុះករសឹងតែមិនគួរឲ្យជឿ ព្រមទាំងប្រកបដោយទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា រហូតដល់អ្នកខ្លះលាន់មាត់ថា ពិតជាអស្ចារ្យ និងស្រស់ស្អាតខ្លាំងណាស់ មិនចាញ់បរទេសប៉ុន្មានទេ។ មួយវិញទៀតនោះ គេក៏បានឃើញបុគ្គល៣រូបផងដែរ ដែលបានថតរូបនៃទិដ្ឋភាពការបាញ់កំាជ្រួចយ៉ាងស្រស់ស្អាត រហូតដល់ថ្នាក់មានការចែករំលែកតគ្នាដល់ទៅរាប់ពាន់ដង បើគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នេះ។ បុគ្គលទាំង៣នាក់រួមមាន Kh Sounnara, Chamnab Hout, និង Ros Santhy។
ដូចនេះប្រសិនបើបងប្អូនណាមិនទាន់បានទៅលេងកម្សាន្ត អាចទៅលេងបានមិនទាន់ហួសពេលទេ ព្រោះនៅសល់ថ្ងៃនេះ១ថ្ងៃទៀត នៅវិមាន ឈ្នះឈ្នះ មានទីតាំងនៅ មហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡដ្ឋានជាតិអូឡាំពិកថ្មី ក្នុងតំបន់អភិវឌ្ឍន៌ លីយ៉ុងផាត់៕