វៀតណាម៖ រដ្ឋាភិបាលប្រទេសវៀតណាម កាលពីថ្ងៃពុធកន្លងទៅនេះ បានសម្រេចបញ្ចប់វិធានការគម្លាតពីសង្គម ក្រោយប្រទេសមួយនេះ ពុំរកឃើញមានករណីឆ្លងថ្មី នៃវីរុសកូវីដ១៩ រយៈពេល៨ថ្ងៃជាប់គ្នា។ នេះបើតាមការជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ម្សិលមិញ។
ការសម្រេចបញ្ចប់វិធានការគម្លាតពីសង្គម របស់រដ្ឋាភិបាលវៀតណាមនេះ បានធ្វើឲ្យស្ថានភាពសេដ្ឋកិច្ច-សង្គម ចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗ ហើយសាលារៀនគ្រប់កម្រិតសិក្សា រួមទាំងសាកលវិទ្យាល័យនានា នឹងអាចចាប់បើកដំណើរការឡើងវិញនៅពេលខាងមុខនេះ។
ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម ក៏បានស្នើដល់បងប្អូនសិស្ស និស្សិត និងសិក្ខាកាម ដែលមានបំណងត្រឡប់មកបន្តការសិក្សានៅក្នុងប្រទេសវៀតណាមឡើងវិញ មេត្តាបន្តអនុវត្តវិធានការការពារខ្លួនពីជំងឺកូវីដ១៩ នៅទីកន្លែងដែលមានសុវត្ថិភាពមួយរយៈ ហើយសូមបងប្អូនបន្តទាក់ទងជាមួយសាកលវិទ្យាល័យ ឬគ្រឹះស្ថានសិក្សាឲ្យបានជាប់ជាប្រចាំ ដើម្បីទទួលបានព័ត៌មានអំពីនីតិវិធី នៃការបើកដំណើរការចូលសិក្សារៀនសូត្រឡើងវិញ។
គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ អ្នកឆ្លងជំងឺកូវីដ១៩ នៅប្រទេសវៀតណាមមានចំនួន ២៦៨ករណី ក្នុងនោះអ្នកជំងឺ ២២៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងនៅសល់អ្នកជំងឺ ៤៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៕