ខេត្តកំពត ៖ ស្រី្តចំណាស់អាយុ៧១ឆ្នាំម្នាក់ បានប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនកូនប្រសាប្រុស ដោយគាត់អះអាងថាបានចាប់រលោភគាត់ ខណៈដែលគាត់កំពុងដេកលង់លក់នៅលើគ្រែជាមួយនឹងចៅស្រី នៅខាងក្រោមផ្ទះ ស្រាប់តែពាក់កណ្តាលយប់ កូនប្រសា លបបើកមុងចូលមកចាប់រំលោភហូតដល់បានសម្រេច ប៉ុន្តែកូនប្រសាបដិសេធថា ខ្លួនអត់បានរំលោភម៉ែក្មេកទេ ។
ករណីខាងលើនេះ ត្រូវបានស្ត្រីជាម្តាយក្មេកអះអាងថា បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ មិថុនា ២០១៩ នៅចំណុចលើគ្រែខាងក្រោមផ្ទះ ស្ថិតក្នុងឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ។
ជនជាប់សង្ស័យរំលោភម្តាយក្មេកមានឈ្មោះ ឡាយ សារីម អាយុ៣៤ឆ្នាំ មុខរបរកសិករ ។ ចំណែកលោកយាយអះអាងជាជនរងគ្រោះ មានអាយុ៧១ឆ្នាំ ។ ជនរងគ្រោះនិងជនសង្ស័យត្រូវជាម្តាយក្មេក និងកូនប្រសានឹងគ្នា សព្វថ្ងៃស្នាក់នៅផ្ទះជាមួយគ្នា ក្នុងភូមិឃុំកើតហេតុខាងលើ ។
តាមពាក្យបណ្តឹងរបស់ម្ដាយក្មេកបានឲ្យសមត្ថកិច្ចដឹងថា នៅមុនពេលកើតហេតុ នៅម៉ោង១១យប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ខណៈដែលលោកយាយកំពុងដេកលើគ្រែក្រោយផ្ទះ ជាមួយចៅស្រីអាយុ៤ឆ្នាំ ស្រាប់តែជនសង្ស័យជាកូនប្រសារបស់គាត់បានចុះពីលើផ្ទះ មកលបបើកមុង ចាប់រំលោភសេពសន្ថវៈរូបគាត់ រហូតដល់បានសម្រេច ។ ក្រោយពីចាប់រំលោភគាត់ឆ្អែតឆ្អន់ហើយ កូនប្រសានោះ ក៏ឡើងទៅសម្ងំដេកនៅលើផ្ទះវិញបាត់ ធ្វើដូចអត់ដឹងរឿង ។ លុះមកដល់ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដោយសារតែគាត់ទ្រាំនឹងទង្វើកូនប្រសាមិនបាន ក៏សម្រេចទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់យកកូនប្រសានេះ ទៅចាត់ការតាមផ្លូវច្បាប់តែម្តង ។
ក្រោយពីទទួលបានពាក្យបណ្តឹងពីលោកយាយរងគ្រោះរួចមក នៅរសៀលថ្ងៃដដែល កម្លាំងនគរបាលស្រុកបន្ទាយមាស បានទៅឃាត់ខ្លួនជនសង្ស័យជាកូនប្រសា នាំយកទៅសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយបដិសេធថា ខ្លួនមិនបានចាប់រំលោភម៉ែក្មេក ដូចអ្វីដែលម៉ែក្មេកបានចោទប្រកាន់នោះទេ ។
ជុំវិញករណីម៉ែក្មេកប្រកាន់ កូនប្រសាប្រកែកនេះ សមត្ថកិច្ចសម្រេចឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្នសិនរងចាំសមត្ថកិច្ចជំនាញស្រាវជ្រាវរកការពិត នឹងចាត់ការតាមនីតិវិធី ៕