(ភ្នំពេញ) កាលពីព្រឹកថ្ងៃនេះ២០ ខែកុម្ភៈ ឆ្នាំ២០១៨ មានជំនួបផ្លូវការបានកើតឡើងនៅ ក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការចម្រុះក្រោមកិច្ចព្រមព្រៀងរវាងភាគីកម្ពុជា និងជប៉ុនស្តី អំពីសេរីភាវូបនីយកម្ម ការជម្រុញ និងការការពារការវិនិយោគ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ជាមួយនឹងឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណុអ៊ឺឈិ (Hidehisa HORINOUCHI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា។
ថ្លែងក្នុងឳកាសពេលនោះផងដែរ ឯកឧត្តម សុខ ចិន្តាសោភា ក៏បានលើកឡើង ដល់អង្គប្រជុំទាំងមូល ថាដើម្បីជួយសម្រួលទៅដល់វិនិយោគិនបរទេសឱ្យ ចូលមកវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀតនោះ រដ្ឋាភិបាលបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រទាក់ទាញមួយចំនួនដូចជាបញ្ជុះតម្លៃអគ្គីសនី រៀបចំប្រព័ន្ធ អនឡាយលើការបង្វិលអាករលើតម្លៃបន្ថែមការបន្ថយថ្លៃស្កេនកុងតឺន័រ និងដាក់ឱ្យមាន ការអនុវត្តប្រកាស ស្តីពីការផ្តលសេវាសាធារណៈនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករបន្ថែមលើវិធាន ការផ្សេងៗដែលកម្ពុជា ធ្លាប់មានផងដែរ។
លើសពីនេះទៅទៀតកម្ពុជាក៏កំពុងតែដុតដៃដុត ជើងក្នុងការរៀបចំច្បាប់ថ្មីស្តីពីការវិនិយោគ និងច្បាប់លើ តំបន់សេដ្ឋកិច្ចពិសេសផងដែរ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងភូមិសាស្ត្រ នយោបាយ ដោយសកម្មភាពនេះរឹតតែ បង្ហាញឱ្យឃើញកាន់តែច្បាស់ពី ការគិតគូរទៅលើអ្នកវិនិយោគ បរទេសឱ្យកាន់តែមានទំនុកចិត្តក្នុងការវិនិយោគនៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំនេះ លោកហីដេហ៊ីសា ហូរីនុអ៊ឺឈិ បានបង្ហាញពីភាពសុទិដ្ឋិនិយម របស់លោក ទៅកាន់ ការស្វាគមន៏យ៉ាងកក់ក្តៅពីរដ្ឋាភិបាលកម្ពុជាចំពោះវិនិយោគិនជប៉ុនពោលគឺសម្តៅទៅលើគោលនយោបាយទាក់ទាញ និងការពារដល់អ្នកវិនិយោគ ដែលសកម្មភាព ទាំងនេះតែងតែបាន ផ្តល់ភាពវិជ្ជមាន ដល់ការវិនិ យោគ និងលើកទឹកចិត្តឱ្យមានការវិនិយោគជប៉ុនមកកាន់កម្ពុជាកាន់តែច្រើនជាងមុនបន្ថែមទៀត។
ឆ្លើយតបនឺងប្រសាសន៍របស់លោកឯអគ្គរដ្ឋទូតវិសាមញ្ញនេះផងដែរ ឯកឧត្តម សុខ ចិន្តាសោភា ក៏បានថ្លែង ឱ្យដឹងផងដែរថាកម្ពុជាមានក្តីសោមនស្សបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែគាំទ្រ ក្នុងការស្តា និងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចរបស់កម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍ហើយមកនេះ។
ទន្ទឹមនឹងនេះក្នុងថ្ងៃដដែលនេះផងដែរ កម្ពុជានិងជប៉ុនក៏បានចុះហត្ថលេខា លើលិខិតប្តូរសារស្តីអំពី ការបន្ត គាំទ្ររបស់រដ្ឋាភិបាលជប៉ុនក្នុងការអនុវត្តគម្រោងចំនួនពីរក្រោមឥណទានសម្បទាន និងហិរញ្ញប្បទាន ឥតសំណងចំនួនប្រមាណជាង៤៣លានដុល្លារអាមេរិកមកកាន់កម្ពុជាផងដែរ។
គូសបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះយោងតាមការចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថាមានគម្រោងវិនិយោគជប៉ុនចំនួន១៣៧គម្រោង ដោយមានទុនសរុបប្រមាណ ២.៥ពាន់លានដុល្លារ អាមេរិចរួច ទៅហើយ ដោយក្នុងនោះមាន៦៦គម្រោងគឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស៕