(ព្រះសីហនុ) បច្ចុប្បន្នខេត្តព្រះសីហនុបានក្លាយជាទិសដៅវិនិយោគដ៏ក្តៅគគុកមួយសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិពិសេសសម្រាប់ជនជាតិចិន។ តំបន់ព្រះសីហនុរាម ដែលមានចម្ងាយប្រមាណជា ១៨ គីឡូម៉ែត្រពីក្រុងព្រះសីហនុ នឹងក្លាយជា តំបន់ទេសចរណ៍ បែបទំនើបថ្មីមួយទៀត នៅក្នុងរយៈពេលប៉ុន្មាន ឆ្នាំខាងមុខ។
ក្រុមហ៊ុន សៀវ សុផល រៀលអ៊ីស្ទេត បានទទួលសិទ្ធិវិនិយោគលើផ្ទៃដីប្រមាណជា ១៥០ ហិចតានៅ លើតំបន់នេះដោយនឹងប្រែក្លាយទីតាំងទាំងមូលជារមណីយដ្ឋានបែបធម្មជាតិដែលមានឈ្មោះថា Holy Hill Residentail and Resort។
លោក ហង់ ណារិទ្ធ ដែលជាអ្នកប្រឹក្សាផ្នែកទីផ្សាររបស់ក្រុមហ៊ុន សៀវ សុផល រៀល អ៊ីស្ទេត បានឲ្យដឹងថា ក្រុមហ៊ុនបានទទួលសិទ្ធិវិនិយោគពីរដ្ឋាបាលលើផ្ទៃដីប្រមាណជា ១៥០ ហិចតា ហើយ ក្រុមហ៊ុនបានផ្តល់ សិទ្ធិវិនិយោគបន្តទៅអោយក្រុមហ៊ុន៤ផ្សេងទៀតដើម្បីធ្វើការអភិវឌ្ឍលើផ្នែកផ្សេងៗគ្នា។
លោក ណារិទ្ធបានបន្ថែមទៀតថា រមណីយដ្ឋាន Holy Hill Residential and Resort នឹងត្រូវអភិវឌ្ឍ ជាកន្លែង ស្នាក់នៅ ផ្ទះវីឡា ផ្ទះល្វែង ខុនដូ បឹងកាឡូ កន្លែងកំសាន្ត រួមជាមួយសេវាកម្មសំខាន់ៗដូចជា សូណា ស្ប៉ា កន្លែងហាត់ប្រាណ និងផ្សេងៗទៀត។
លោក ណារិទ្ធ បញ្ជាក់ថា “គម្រោងខុនដូនឹង ត្រូវចាប់ផ្តើមសាងសង់ នៅក្នុងខែ ក្រោយនេះដោយមាន ក្រុមហ៊ុនចិនជាអ្នកទទួលសិទ្ធិវិនិយោគបន្ត។”
គម្រោងរមណីយដ្ឋានដ៏ធំនេះនឹងក្លាយទីក្រុងថ្មីមួយ ដែលមានលក្ខណៈបែបធម្មជាតិនៅក្នុងខេត្ត ព្រះសីហនុ។ គេរំពឹងថា តំបន់នេះនឹងក្លាយជាទិសដៅទេសចរណ៍ថ្មីមួយទៀតដែលអាចស្រូប អ្នកទេសចរ រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ៕ប្រភពrealestate